គ.ជ.ប៖ ការបោះឆ្នោតរៀបចំជាប្រក្រតីទាំងក្នុង ២៥ រាជធានី ខេត្តទូទាំងប្រទេស ក្នុងនោះមានទាំងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២៤នេះបានចេញសេចក្តីថ្លែងការណ៍មួយដោយក្នុងនេះបានធ្វើការប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រសូត្រចេញពីការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយ មានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៨៤.៥៩% បានទៅបោះឆ្នោត តាមឆន្ទៈ រៀងៗខ្លួន។ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនសុទ្ធតែវាយតម្លៃថា ការបោះឆ្នោតដែលរៀបចំ ដោយ គ.ជ.ប បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សេចក្តីថ្លែងការនេះដែរបានបញ្ជាក់ថាចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន គ.ជ.ប បានរៀបចំការបោះឆ្នោតសកល និង អសកល ជាទៀងទាត់ នៅទូទាំងរាជធានី ខេត្ត ក្នុងនោះក៏មានខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និង ស្ទឹងត្រែងផងដែរ។ ដោយឡែកក្នុងអំឡុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ គ.ជ.ប បានរៀបចំការបោះ ឆ្នោត ចំនួន ៤ ប្រកបដោយជោគជ័យតាមការកំណត់នៃច្បាប់ រួមមាន ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅក្នុង ១៦៥២ ឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងតំណាង- រាស្ត្រនីតិកាលទី៧ នៅក្នុង ២៥ រាជធានី ខេត្ត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៥ នៅក្នុង ៨ ភូមិភាគ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត នៅក្នុង ២៥ មណ្ឌល រាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នៅក្នុង ២០៩ មណ្ឌល ក្រុង ស្រុក ខណ្ឌ។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាបច្ចុប្បន្ន គ.ជ.ប កំពុងត្រៀមរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ នាខែកញ្ញា ខាងមុខនៅគ្រប់ឃុំ សង្កាត់នៃក្រុង ស្រុក ខណ្ឌ និង រាជធានី ខេត្តទាំង ២៥។ទាំងនេះ សបញ្ជាក់ឲ្យឃើញថា គ.ជ.ប បំពេញភារកិច្ចរបស់ខ្លួនជាប្រក្រតី និងតាមអាណត្តិនៃការ បោះឆ្នោតនីមួយៗ
តាំងពីឆ្នាំ១៩៩៨ ជាឆ្នាំដែល គ.ជ.ប ចាប់ផ្តើមរៀបចំការបោះឆ្នោតដោយខ្លួនឯង។ ដើម្បីបន្តថែរក្សានិរន្តរភាពជាតិ គ.ជ.ប សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ប្រកាន់ខ្ជាប់នូវឧត្តមគតិ និងឧត្តមប្រយោជន៍មាតុភូមិជាធំ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសិទ្ធិ និងករណីកិច្ច ស្របតាមច្បាប់ជាធរមាន និងកុំជឿតាមការញុះញង់ណាមួយដែលប្រាសចាកពីការពិត៕
ដោយ៖ម៉ាដេប៉ូ