ក្រសួងយុត្តិធម៌៖ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានកំពុងបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោងCLV
(ភ្នំពេញ)៖អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៤នេះបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាមានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV) ដោយបានចោទប្រកាន់មួលបង្កាច់លើរាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសាន្តទាំង ៤ នៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់បន្ថែមថាក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
គួរបញ្ជាក់ផងដែរថា ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែ គឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការអំពាវនាវដល់ជនរួមជាតិ សូមកុំ ចាញ់ ឧបាយកលបោកបញ្ឆោតរបស់មេខ្លោងនៃចលនាបដិវត្តន៍ពណ៌ដែលជា ឧក្រិដ្ឋជន ប្រឆាំងនឹងសន្តិសុខជាតិ ដែលអាចនាំឱ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវ មានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួម ប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាង លើ នេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមាន សមត្ថកិច្ច ក្នុងការថែរក្សាសុខ សន្តិភាព, ស្ថិរភាពសង្គម និងសេចក្តីសុខរួមរបស់ប្រជាជនកម្ពុជានៅទូទាំង ប្រទេស ជាពិសេស សហការរាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅចាត់វិធានការច្បាប់ឱ្យមានប្រសិទ្ធភាព៕
ដោយ ៖ ម៉ាដេប៉ូ