កម្មករ កម្មការនីចង់បានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដើម្បីការងារ និងបានប្តេជ្ញាចិត្តរួមគ្នាជាមួយម្ចាស់រោងចក្រ សហគ្រាសធ្វើឱ្យមានភាពស្អាត ភាពបៃតង និងចីរភាពនៅតាមរោងចក្រ
(ភ្នំពេញ)៖ កម្លាំងនៃការប្ដេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការចេញមកសម្អាតសំរាមប្លាស្ទិកនៅមុខរោងចក្ររួមគ្នារបស់កម្មករ កម្មការនី និយោជក់ និងម្ចាស់រោងចក្រ សហគ្រាស គឺជាចលនាដ៏ចម្បងមួយទៀត ដែលជួយឱ្យនៅតាមដងផ្លូវរបស់កម្ពុជាយើងកាន់តែស្អាត គ្មានសំណល់ប្លាស្ទិកហើររាយប៉ាយកាត់ផ្លូវ។
ការប្តេជ្ញាចិត្តដែលកើតពីកម្លាំងសាមគ្គីរបស់កម្មករ និយោជិកនេះ គឺឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលថា តើយើងទាំងអស់គ្នាចង់ឃើញសំរាមហើររាយប៉ាយនៅមុខរោងចក្រទេ? ជាចម្លើយ គឺពួកគាត់ចង់បានភាពស្អាត មានភាពបៃតងជារៀងរហូតទៅ។
ការឆ្លងឆ្លើយរវាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងកម្មករ កម្មការនីដោយភាពរីករាយស្និតស្នាលនេះ គឺនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ ក្នុងបរិវេណនៃរោងចក្រសាប្រ៊ីណា នៅខេត្តកំពង់ស្ពឺ។
ការដាក់ចេញនូវភាពស្អាត គ្មានសំណល់ប្លាស្ទិកហើររាយប៉ាយនៅតាមដងផ្លូវរបស់កម្ពុជានៅឆ្នាំ២០២៥ខាងមុខឆាប់ៗ នេះ នឹងនាំមកនូវជ័យជំនះ៣ជូនកម្ពុជាយើង ទី១ គឺកម្មករ កម្មការនីឈ្នះ ទី២ គឺបរិស្ថាន និងប្រជាពលរដ្ឋឈ្នះ និងទី៣ គឺម្ចាស់រោងចក្រ សហគ្រាសឈ្នះ ហើយការឈ្នះនេះទៀតសោត គឺពេញដោយមោទនភាព និងមានកេរ្តិ៍ឈ្មោះល្អប្រពៃទាំងក្នុងស្រុក និងក្រៅស្រុក តាមរយៈការឆ្លុះបញ្ចាំងនូវអត្តចរិត និងមាយាទល្អ ស្អាតរបស់ប្រជាពលរដ្ឋកម្ពុជាយើង ដែលនេះជាប្រជាប្រិយភាពរបស់ខ្មែរលើឆាកអន្តរជាតិ ដើម្បីកៀរគរអ្នកវិនិយោគមកកម្ពុជាឱ្យកាន់តែច្រើន។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសហជីព និងតំណាងនិយោជិត បានប្ដេជ្ញាចិត្តរួមគ្នាធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិកហើររាយប៉ាយនៅតាមដងផ្លូវរបស់កម្ពុជាជាដាច់ខាត នៅឆ្នាំ២០២៥៕
ដោយ ៖ ជីម ភារ៉ា