តាលីបង់ហាមក្មេងស្រីជាង១លាននាក់ មិនឲ្យចូលរៀន

បរទេស ៖ អង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ នៃអង្គការសហប្រជាជាតិ ហៅកាត់ UNESCO បាននិយាយថា ក្មេងស្រីអាហ្វហ្គានីស្ថាន ចំនួន១.៤លាននាក់ ត្រូវបានហាមឃាត់ មិនឱ្យចូលរៀន ចាប់តាំងពីពួក តាលីបង់ ឡើងកាន់អំណាច គ្រប់គ្រងប្រទេសមួយនេះ រយៈពេលបីឆ្នាំ កន្លងមកនេះ។

UNESCO បានរកឃើញថា រដ្ឋាភិបាលតាលីបង់ បានរារាំងក្មេងស្រី មិនឲ្យចូលរៀន នៅថ្នាក់អនុវិទ្យាល័យ បង្អាក់ដល់ការរីកចំរើន លើវិស័យអប់រំ នៅក្នុងប្រទេស ខណៈដែលអត្រាបោះបង់ការសិក្សា កាន់តែកើនឡើង។

ទីភ្នាក់ងារនេះបាននិយាយថា អង្គការ យូណេស្កូ មានការព្រួយបារម្មណ៍ចំពោះផលវិបាកដ៏គ្រោះថ្នាក់ នៃអត្រាបោះបង់ការសិក្សាដ៏ច្រើន ដែលអាចនាំឱ្យមានការកើនឡើង នៃពលកម្មកុមារ និងអាពាហ៍ពិពាហ៍ មុនអាយុ។

UNESCO បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធភាពទទួលបានការអប់រំ កម្រិតបឋមសិក្សា ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ទាំងក្មេងស្រី និងក្មេងប្រុស។

រដ្ឋបាលតាលីបង់ ដែលមិនត្រូវបានប្រទេសណាមួយទទួលស្គាល់ បានដាក់កំហិតលើស្ត្រី លើការសិក្សា ដោយអង្គការសហប្រជាជាតិ បានពណ៌នាថា ជា «ការរើសអើង យេនឌ័រ»។ អាហ្វហ្គានីស្ថាន គឺជាប្រទេសតែមួយគត់ ក្នុងពិភពលោក ដែលបញ្ឈប់ក្មេងស្រី និងស្ត្រី មិនឱ្យចូលរៀន នៅអនុវិទ្យាល័យ និង សាកលវិទ្យាល័យ។

គួររម្លឹកថា អាជ្ញាធរតាលីបង់ កាលពីថ្ងៃទី១៥ ខែសីហា បានប្រារព្ធខួប បីឆ្នាំ នៃការដណ្តើមការគ្រប់គ្រងប្រទេស អាហ្វហ្គានីស្ថាន ១៥ សីហា ២០២១- ១៥ ខែសីហា ២០២៤៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner