នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារអបអរលោកជំទាវ Paetongtarn ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរជូន លោកជំទាវ Paetongtarn Shinawatra ដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ។ នេះបើយោងតាមសារលិខិតអបអរសាទររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។
សូមជម្រាបថា អ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត់ បានក្លាយជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ ជំនួសលោក សេដ្ឋា ថាវីស៊ីន បន្ទាប់ពីរដ្ឋសភាបានសម្រេចបោះឆ្នោត ជ្រើសតាំងអ្នកស្រីជាផ្លូវការ នៅថ្ងៃទី១៦ ខែសីហា ។
អ្នកស្រី ផែថោងថាន ទទួលបានសំឡេងគាំទ្រ លើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាថៃសរុប៤៩៣នាក់ ដែលចាំបាច់ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ តាមរយៈការបោះឆ្នោតនេះ អ្នកស្រី ផែថោងថាន មានអាយុ ៣៧ឆ្នាំ ក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ និងជានាយករដ្ឋមន្ត្រី ទី៣១ របស់ថៃ ។
អ្នកស្រីក៏នឹងក្លាយជានាយករដ្ឋមន្ត្រី ជាស្ត្រីទី២ របស់ថៃ បន្ទាប់ពីលោកស្រី យីងឡាក់ ហើយក៏ជានាយករដ្ឋមន្ត្រីទី៤ ដែលមកពីគ្រួសារ ស៊ីនណាវ៉ាត់ បន្ទាប់ពីលោក ថាក់ស៊ីន លោកស្រី យីងឡាក់ និងលោក សុំឆៃ វង់សាវ៉ាត់ ដែលត្រូវជាពូសាច់ថ្លៃរបស់អ្នកស្រី ផែថោងថាន ។
សូមជម្រាបថា សម្ព័ន្ធគណបក្សទាំង១១ ដឹកនាំដោយគណបក្សភឿថៃ បានប្រកាសជ្រើសរើសអ្នកស្រី ផែថោងថាន ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហា បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញ សម្រេចដកតំណែង ជានាយករដ្ឋមន្រ្តី។ មូលហេតុនាំឱ្យតុលាការដកតំណែង ដោយសារតែការតែងតាំងរដ្ឋមន្ត្រីម្នាក់ ដែលធ្លាប់មានប្រវត្តិ ជាប់ពន្ធនាគារ ហើយប្រការនេះជាទង្វើបំពានរដ្ឋធម្មនុញ្ញ៕






ដោយ ៖ វណ្ណលុក