នាយករដ្ឋមន្ត្រី ៖ ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង សម្រេចការងារ​សាងសង់​បានប្រមាណជាង ៧០ភាគរយ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាថ្ងៃទី១៦សីហា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង សម្រេចការងារសាងសង់បានប្រមាណជាង ៧០ភាគរយ ហើយក្រោយពេលជីកព្រែក​សិប្បនិម្មិតបង្វែរចរន្តទិសទឹក និងសាងសង់សំណង់បេតុងបង្វែរទិសទឹកស្ទឹងស្រែង បានរួចរាល់ ពលរដ្ឋក្នុងឃុំចុងកាល់ និងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នឹងទទួលបានផលប្រយោជន៍ពីទំនប់នេះ ។

សម្ដេចធីបតី បានសរសេរលើបណ្ដាញសង្គមដូច្នេះថា ទំនប់បង្វែរចរន្តទិសទឹក​ស្ទឹង​ស្រែង ដែលមានការជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ និងទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ ស្ថិតនៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

ស្ទឹងស្រែង មានតួនាទីទទួលយកទឹកពីប្រភពទឹកជួរភ្នំដងរែក និងមួយផ្នែកទៀត​ពីផ្ទៃរង​ទឹក​ភ្លៀងក្នុងតំបន់ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅ​តាមបណ្ដោយស្ទឹង។ កន្លងមក ដីច្រាំងស្ទឹងស្រែងបានបាក់ និងហូរច្រោះ ជាច្រើនកន្លែង ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សាដែលហូរមកពីជួរភ្នំដងរែក និងផ្ទៃរងទឹកភ្លៀង​ក្នុងតំបន់ ដែលធ្វើឱ្យប្រជាពលរដ្ឋ នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ជួបការ​លំបាកកង្វះទឹកសម្រាប់ស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។

ចរន្តទឹកស្ទឹងស្រែងបានយាយីទៅលើប្រឡាយមេបេតុងខាងកើត នៃប្រព័ន្ធធារា​សាស្ត្រ​ស្ទឹងស្រែងជំហាន១ ដែលជាប្រភពទឹកដ៏ធំ ចេញពីអាងទឹកស្ទឹងស្រែង យកទៅស្រោច​ស្រពនៅខេត្ដឧត្ដរមានជ័យ និងតំបន់មួយចំនួននៅខេត្តសៀមរាប។ ប្រព័ន្ធធារាសាស្ត្រ​ស្ទឹងស្រែងជំហាន១ ស្ថិតនៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប្រ​ព័ន្ធដ៏ធំគ្របដណ្តប់ លើស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ខេត្ត​បន្ទាយមាន​ជ័យ និងស្រុកចំនួន២ របស់ខេត្តសៀមរាប គឺស្រុកស្រីស្នំ និងស្រុកក្រឡាញ់ និងបានដើរ​តួនាទីយ៉ាងសំខាន់ បម្រើដល់ការងារបង្កបង្កើនផលទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំង​ការប្រើប្រាស់សម្រាប់វិស័យផ្សេងៗទៀត។

ប្រព័ន្ធនេះបញ្ជូនទឹកពីទិសខាងជើងទៅទិសខាងត្បូង តាមប្រឡាយមេបេតុង ២ខ្សែ គឺប្រឡាយមេខាងកើត និងប្រឡាយមេខាងលិច រួមជាមួយទំនប់សណ្ដស្ទឹង ១ខ្សែ ប្រវែង ២៩៨៤ម៉ែត្រ។ ប្រឡាយមេខាងកើតមានប្រវែង ៣៨០៥៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកមកស្រោចស្រពលើផ្ទៃដី ១២០០០ហិកតា ក្នុងស្រុកស្រីស្នំ និង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។ ប្រឡាយមេខាងលិច មានប្រវែង ៤២៩៦៩ម៉ែត្រ នាំទឹក​ពីផ្នែកខាងលើ និងពីអាងស្តុកទឹកឆ្លងកាត់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ​មកស្រោច​ស្រពលើផ្ទៃដី ១៣០០០ហិកតា ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សម្ដេចបន្តថា ចាប់ពីខែឧសភា ឆ្នាំ២០២៤មក ក្រុមការងារ នាយកដ្ឋានវិស្វកម្ម នៃក្រ​សួង​ធនធានទឹក និងឧតុនិយម បានចាប់ផ្ដើមអនុវត្តការសាងសង់ទំនប់បង្វែរចរន្ត​ទឹកស្ទឹងស្រែង ដើម្បីការពារប្រព័ន្ធប្រឡាយមេបេតុងខាងកើតដ៏មានសារសំខាន់​សម្រាប់ការស្រោចស្រពក្នុងខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប។ ការងារសាង​សង់រួមមាន៖ ជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ ដែលមានទំហំមាត់លើ ៦០ម៉ែត្រ ទំហំបាតក្រោម ២០ម៉ែត្រ ដើម្បីប្ដូរចរន្តទឹក និងសាងសង់ទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសាងសង់ សម្រេចបានប្រមាណជាង ៧០ភាគរយ។

សម្ដេចធិបតី បានបញ្ជាក់ថា ក្រោយពេល ជីកព្រែកសិប្បនិម្មិតបង្វែរចរន្តទិសទឹក និង​សាង​សង់​សំណង់បេតុងបង្វែរទិសទឹកស្ទឹងស្រែង បានរួចរាល់ ប្រជាពលរដ្ឋប្រមាណ ១៤៩០គ្រួសារ ក្នុងឃុំចុងកាល់ និងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និង​ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នឹងទទួលបានប្រភពទឹក មកធ្វើការស្រោច​ស្រព​បន្ថែម លើការងារបង្កបង្កើនផលកសិកម្ម ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដូចជា៖ គ្រោះរាំងស្ងួត និងទឹកជំនន់​ជាដើម។

មិនតែប៉ុណ្ណោះ កសិករនឹងអាចបង្កើនរដូវដាំដុះ​ដំណាំកសិកម្ម ២​ ទៅ ៣ ដងក្នុងមួយឆ្នាំ​លើផ្ទៃដីដដែល ដោយទទួលបានកំណើនប្រាក់ចំណូល ក្នុងគ្រួសារប្រសើរជាងមុន ថែម​ទាំងចូលរួមចំណែក ក្នុងការអភិវឌ្ឍ និងថែរក្សាធនធានធម្មជាតិក្នុងមូលដ្ឋានផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner