ធនាគារជាតិ នៃកម្ពុជា បានកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ដើម្បីប្រកួតប្រជែងស្មើភាព ក្នុងវិស័យហិរញ្ញវត្ថុ
(ឧត្តរមានជ័យ)៖ ធនាគារជាតិនៃកម្ពុជា បានកំពុងពង្រឹងក្របខ័ណ្ឌ បទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាន នូវការប្រកួតប្រជែងស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរ ដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ ។
នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “វិស័យមីក្រូ ហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តមទេសាភិបាលរង បានមានប្រសាសន៍ថា ជុំវិញវិស័យហិរញ្ញវត្ថុនេះ បានកំពុងទទួលរង នូវការចោទប្រកាន់មិនមានមូលដ្ឋានជាក់លាក់ និងការព្រួយបារម្ភពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួសពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រ ជាប់បំណុលលើសលប់ និងការអនុវត្តសកម្មភាពប្រមូលបំណុល ដែលមានលក្ខណៈ គំរាមកំហែង ការបង្ខំឱ្យគ្រួសារក្រីក្រកាត់បន្ថយរបបអាហារ លក់ដីធ្លី ឬធ្វើចំណាកស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ ការសិក្សា និងការជិះជាន់លើពលកម្មកុមារ ដើម្បីអាចទូទាត់សងប្រាក់ ។

ឯកឧត្តម បន្តថា បញ្ហាចម្បងៗ ដែលជាដើមហេតុ នៃការចោទប្រកាន់ទាំងនេះរួមមាន៖ ការផ្ដល់កម្ចី សកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅមានកម្រិតទាប ការឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សាយនៃដំណើរការវាយតម្លៃ ក្នុង ការផ្តល់ឥណទាន ការផ្តល់ឥណទានដោយផ្តោតតែលើ ទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការពិន័យផ្សេងៗ ក្នុងកម្រិតខ្ពស់ និង ការអនុវត្តការងាររបស់បុគ្គលិកគ្រឹះស្ថាន ដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈជាដើម។

ក្នុងឱកាសនេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានជម្រាបជូន អង្គសិក្ខាសាលាថា ធនាគារជាតិនៃកម្ពុជាតែងតែយកចិត្តទុក ដាក់ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយសម្រួលបញ្ហាប្រឈមនានា ដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្តែង ធនាគារជាតិ នៃកម្ពុជា បានកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារប្រកបដោយចីរភាពនិងការអភិវឌ្ឍ។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និងប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន ជាក់ស្តែង ធនាគារជាតិ នៃកម្ពុជា ក៏បានអនុវត្តនូវវិធានការពង្រឹងកិច្ចការពារអតិថិជន ដែលមានលក្ខណៈបុរេសកម្ម ជាច្រើន ព្រមទាំងបានគាំទ្រ និងសហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើកកម្ពស់ ការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយក្រម សីលធម៌ វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព និងការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់អតិថិជន ។

ជុំវិញបញ្ហានេះ, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាននូវការ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិ សម្រាប់វិស័យ និងគោលការណ៍ផ្តល់ឥណទានប្រកបដោយ ការទទួលខុសត្រូវ ហើយត្រូវចៀសវាងការស្នើសុំ ឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើប្រាស់ ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយ ដល់អតិថិជនជាដើម ៕


អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត