សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន លោកជំទាវ ផែថងថាន ដែលជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីថៃ

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ។ នេះបើយោងតាមសារលិខិតអបអរសាទររបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលទទួលបាន នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។

ក្នុងសារលិខិត សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមព្រឹទ្ធសភា កម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ ដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោកជំទាវ ដែលបានជាប់ឆ្នោតជា នាយករដ្ឋមន្ត្រី ថៃ កាលពីពេលថ្មីៗនេះ។

សម្ដេចបន្តថា ភាពជោគជ័យ របស់ លោកជំទាវ ក្នុងការ ទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាព នៃការដឹកនាំ និងការលះបង់ដ៏ពិសេសរបស់ លោកជំទាវ ចំពោះបុព្វហេតុជាតិ និងប្រជាជនរបស់ លោកជំទាវ។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ត្រូវបានបន្តពង្រឹងនិង ពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតី នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព នៅក្នុងប្រជាជាតិយើងទាំងពីរនិងតំបន់ ជាពិសេស សហគមន៍ អាស៊ានរបស់យើង។

សម្ដេចប្រធានព្រឹទ្ធសភា បន្ថែមថា ក្នុងនាមជាប្រទេសជិតខាងល្អនឹងគ្នា យើងបានសហការគ្នា លើបញ្ហាផ្សេងៗ ដែល ជាផលប្រយោជន៍រួម ហើយខ្ញុំ ជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់ លោកជំទាវ ជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រថៃ លោកជំទាវ នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរបស់យើង លើគ្រប់វិស័យ ដើម្បីបង្កើតសក្តានុពលថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ និងផលប្រយោជន៍ទៅវិញទៅ មកជូនប្រជាជាតិ និងប្រជាជនយើងទាំងពីរ។

សម្ដេចថា ខ្ញុំ ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ និងសភាថៃ ជាពិសេស ព្រឹទ្ធសភា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងសភានៃប្រទេសយើងទាំងពីរ។

សូម លោកជំទាវ ទទួលនូវការគោរពរាប់អាន និងសព្ទសាធុការពរពីខ្ញុំ សូម លោកជំទាវ មានសុខ ភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវ ។

សូមជម្រាបថា អ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត់ បានក្លាយជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ ជំនួសលោក សេដ្ឋា ថាវីស៊ីន បន្ទាប់ពីរដ្ឋសភាបានសម្រេចបោះឆ្នោត ជ្រើសតាំងអ្នកស្រីជាផ្លូវការ នៅថ្ងៃទី១៦ ខែសីហា ។

អ្នកស្រី ផែថោងថាន ទទួលបានសំឡេងគាំទ្រ លើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាថៃសរុប ៤៩៣នាក់ ដែលចាំបាច់ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ តាមរយៈការបោះឆ្នោតនេះ អ្នកស្រី ផែថោងថាន មានអាយុ ៣៧ឆ្នាំ ក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ និងជានាយករដ្ឋមន្ត្រី ទី៣១ របស់ថៃ ។

គួររំលឹកថា សម្ព័ន្ធគណបក្សទាំង១១ ដឹកនាំដោយគណបក្សភឿថៃ បានប្រកាសជ្រើសរើសអ្នកស្រី ផែថោងថាន ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែសីហា បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញ សម្រេចដកតំណែង ជានាយករដ្ឋមន្រ្តី។ មូលហេតុនាំឱ្យតុលាការដកតំណែង ដោយសារតែការតែងតាំងរដ្ឋមន្ត្រីម្នាក់ ដែលធ្លាប់មានប្រវត្តិ ជាប់ពន្ធនាគារ ហើយប្រការនេះជាទង្វើបំពានរដ្ឋធម្មនុញ្ញ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner