ឧត្តមសេនីយត្រី នៃ និយម ៖ យើងជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើកិច្ចសហប្រតិបត្តិការ តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម
(ខេត្តកណ្តាល)៖ ក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំចិត្រសាស្រ្ត និងការអនុវត្តកម្មវិធី គម្រោងក្នុងក្របខ័ណ្ឌ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជូន នាយទាហាន នាយទាហានរង និង ពលទាហាន នៅទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានលើកឡើងថា យើងជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម។
ឯកឧត្តម មេបញ្ជាការ ក៏បានលើកឡើងពីសារៈសំខាន់លើការងារអប់រំចិត្តសាស្ត្រ ដែលកងទ័ពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការស្វែងយល់លើការងារសតិអារម្មណ៍ ស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជាជន រក្សាសន្តិភាព ស្ថេរភាព ស្មោះត្រង់ដាច់ខាតឥតងាករ៉េ ជាមួយរាជរដ្ឋាភិបាលគ្រប់តំណាក់កាល។

ឯកឧត្តម មេបញ្ជាការ ក៏បានអំពាវនាវដល់នាយ-ពលទាហានទាំងអស់ ត្រូវចូលរួមគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) និងត្រូវប្រឆាំងដាច់ខាតរាល់ការញុះញង់ របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចក្រៅប្រទេសដែលមានគោលបំណងឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវកម្ទេចរាល់ជនណាដែលមានចេតនាបំបែកបំបាក់ បំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងតែមានការអភិវឌ្ឍន៍ និងសន្តិភាពពេញលេញ។
ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានគូសបញ្ជាក់ថា កងទ័ពទាំងអស់ត្រូវគោរពបទបញ្ជារ គោរពវិន័យ ក្រមសីលធម៌កងយោធពលខេមរភូមិ ប្រកានភ្ជាប់នូវតួនាទីភារកិច្ច ពង្រឹងបទវិន័យទូទៅ សណ្តាប់ធ្នាប់ គោរពតាមខ្សែបណ្តោយកងទ័ព ជាពិសេសរបស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កំពុងតែដឹកនាំប្រទេសកម្ពុជា ដើម្បីការពារសុខសន្តិភាព សុវត្តិភាព សណ្តាប់ធ្នាប់សារធារណៈ ទោះបីក្នុងតម្លៃណាក៏ដោយ យើងត្រូវការពារសន្តិភាព អោយបាន១០០ ភាគរយ ៕




ដោយ ៖ ង៉ាន់ ទិត្យ