កូនទោចថ្ពាល់លឿង ទើបតែបង្កើតបានកូនតូចថ្មីមួយ នៅតំបន់ជំរុំសត្វទោច ចាហ៊ូ ដែនជម្រកសត្វព្រៃកែវសីមា
(ភ្នំពេញ៖)សត្វទោចថ្ពាល់លឿងនៅក្នុងក្រុមគ្រួសារសត្វទោចទី២ នៅតំបន់ជំរុំសត្វទោច ចាហ៊ូ ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ទើបតែបង្កើតបានកូនតូចថ្មីមួយ ដែលធ្វើឱ្យគ្រួសាររបស់សត្វទោចមួយក្រុមនេះមានសមាជិកឡើងរហូតដល់ ៦ ក្បាលហើយនាពេលនេះ។
បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID មរតកបៃតងបានឱ្យដឹងនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤នេះថា តាមរយៈ អង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិប្រចាំកម្ពុជា ក្រុមស្រាវជ្រាវចាហ៊ូ បានតាមដាន និងសិក្សាពីអាកប្បកិរិយារបស់គ្រួសារសត្វទោចថ្ពាល់លឿងមួយក្រុមនេះអស់រយៈពេល ៤ ជំនាន់មកហើយ ចាប់តាំងពីឆ្នាំ ២០១៣ មក ដែលធ្វើឱ្យក្រុមនេះក្លាយជាក្រុមគ្រួសារសត្វទោចដែលមានភាពសាំងច្រើនជាងគេ ក្នុងចំណោមក្រុមគ្រួសារសត្វទោចទាំងបួនដែលក្រុមអ្នកស្រាវជ្រាវ ចាហ៊ូ កំពុងតាមដាន។
USAID មរតកបៃតងបានឱ្យដឹងដែរថា នៅខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមា ជាតំបន់ដែលមានចំនួនសត្វជិតផុតពូជប្រភេទនេះរស់នៅច្រើនជាងគេ។ ជាអកុសល ចំនួនសត្វទោចដ៏អស្ចារ្យទាំងនេះមានការថយចុះយ៉ាងឆាប់រហ័ស ដែលភាគច្រើនដោយសារតែការបាត់បង់ទីជម្រក និងការជួញដូរធ្វើជាសត្វចិញ្ចឹម។
ដើម្បីជួយការពារប្រភេទសត្វជិតផុតពូជនេះ USAID មរតកបៃតង ធ្វើការជាមួយ អង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិប្រចាំកម្ពុជា ដើម្បីជួយដល់ក្រុមស្រាវជ្រាវ តំបន់ជំរុំសត្វទោច ចាហ៊ូ ក្នុងការត្រួតពិនិត្យ និងសិក្សាពីអាកប្បកិរិយារបស់ក្រុមគ្រួសារសត្វទោចថ្ពាល់លឿងចំនួន ៤ ក្រុម ក្នុងគោលបំណងផ្សាំងពួកវាទៅនឹងវត្តមានរបស់ក្រុមអ្នកស្រាវជ្រាវរបស់ ចាហ៊ូ ដែលយើងហៅថា «អ្នកការពារសត្វទោច» និងការពារពួកវាពីការផុតពូជនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ក្រុមអ្នកស្រាវជ្រាវក៏សម្រេចបាននូវការពង្រីកការគ្រប់គ្រងជម្រករបស់សត្វទោចបាន ៤៤៥,៥ ហិកតា បន្ថែមទៀត នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលធ្វើឱ្យការពង្រីកតំបន់រស់នៅរបស់សត្វទោចបានរហូតដល់ ៦៩១,៣ ហិកតា រហូតមកដល់បច្ចុប្បន្ន។
គួរបញ្ជាក់ថា សត្វទោចថ្ពាល់លឿង ជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ហើយរស់នៅជាក្រុមគ្រួសារស្រដៀងនឹងមនុស្សយើងដែរ ដោយរួមរស់ស្ម័គ្រស្មោះជាមួយនឹងគូជីវិត និងកូនចៅជាច្រើនជំនាន់។ សត្វទោចវ័យក្មេងត្រូវរៀនពីឥរិយាបថសត្វទោចសំខាន់ៗ និងវិធីសាស្រ្ដរកចំណីដើម្បីចិញ្ចឹមជីវិតមុនពេលវាត្រូវបែកចេញពីគ្រួសារនៅអាយុប្រហែល ៨ ឆ្នាំ។ សត្វទោចញីអាចបង្កើតកូនបានមួយក្នុងរយៈពេលពី ២ ទៅ ៣ ឆ្នាំម្តង ដែលធ្វើឱ្យការបង្កើតកូនរបស់វានេះក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងកម្របានឃើញ ៕
ដោយ៖ម៉ាដេប៉ូ