មន្ទីរព័ត៌មាននិងរដ្ឋបាលខេត្តសៀមរាបផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មាន និងមន្រ្តីមន្ទីរអង្គភាពជុំវិញខេត្ត

សៀមរាប៖ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប កាលពីព្រឹក​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ទីរព័ត៌មានខេត្ត បានរៀប​ចំពិធី​សំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន​ដល់អ្នកសារព័ត៌មាន កងកម្លាំង និងមន្រ្តីនៃមន្ទីរ អង្គភាពជុំវិញ​ខេត្តចំនួន ១៤៨នាក់ (ស្រី ១៨នាក់) ក្រោមអធិបតីភាពឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្តសៀមរាប។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍  លើកឡើងថា សម្រាប់ខេត្តសៀមរាប​ជាគោលដៅដំបូងគេបង្អស់ ដែលក្រសួងព័ត៌មាន បានរៀបចំធ្វើការ​ផ្សព្វផ្សាយពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បន្ទាប់ពីបានដាក់ឱ្យ​អនុវត្តន៍ជាផ្លូវការកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម បន្ថែមថា ក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មានកាន់​តែមានភាពទំនើប ហើយប្រជាជនគ្រប់រូបសុទ្ធតែមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ខ្លួន។ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានអាជីពធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន  គឺជាអាវក្រោះការពារខ្លួនយើងឱ្យ​មាន​សុវត្ថិភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ ។ ដូច្នេះការគោរពបាននូវក្រមវិជ្ជាជីវៈនេះ គឺជាការផ្តល់តម្លៃដល់អាជីពរបស់យើង។

តាមការពន្យល់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺមូលដ្ឋានគ្រឹះ នៃក្រមវិជ្ជាជីវៈ​សារព័ត៌មាន​នៅកម្ពុជា ដែលនឹងជួយឱ្យអ្នកសារព័ត៌មាន និងសាធារណជនទូទៅ យល់កាន់តែច្បាស់ ពីសិទ្ធក្នុងការផ្សព្វផ្សាយ​ព័ត៌មាន និង ចៀសវាងការផ្សាយព័ត៌មានទាំងឡាយណាមិន​ច្បាស់លាស់ ដែលអាចបង្កឲ្យមានចលាចលសង្គម។

យោងតាមរបាយការណ៍របស់ លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ស្តីទី បានឱ្យដឹងថា ខេត្តសៀមរាប ២០២៤ គឺជាឆ្នាំដ៏មមាញឹកនៃការរៀបចំព្រឹត្តិការណ៍តូច ធំ ថ្នាក់ជាតិ និងអន្តរជាតិ ដែលនេះជាការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់​ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល រួមមាន “ឆ្នាំទស្សនាសៀមរាប” “ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ព្រមជាមួយការចូល​រួមបង្កើតព្រឹត្តិការណ៍លំដាប់ជាតិ អន្តរជាតិ ជាច្រើនទៀត ដើម្បីបង្កើនចលនាទេសចរណ៍ ដែលជាចរន្តសេដ្ឋកិច្ចអាទិភាព​របស់ខេត្ត។

ទន្ទឹមនោះក្រសួងព័ត៌មាន ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំយ៉ាង​សស្រោកសស្រាំ ក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍ និងផលិតផល​ទេសចរណ៍​ក្នុងខេត្ត តាមគ្រប់រូបភាព លើសពីនោះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នក​សារព័ត៌មាន សូមចូលរួមផ្សព្វផ្សាយដំណឹងល្អៗក្នុងខេត្តទាំងអស់នោះ ដើម្បីជាការទាក់ទាញទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។ បន្ថែមលើនេះ មន្ទីរព័ត៌មានរាជធានីខេត្តនិយាយជារួម និងនិយាយដោយឡែកមន្ទីរ​ព័ត៌មានខេត្តសៀមរាប បានទទួលនូវការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់​ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្រៅពីភារកិច្ចប្រមូល និងចែកចាយព័ត៌មាន មន្ទីរព័ត៌មាន ក៏ជាសេនាធិការចម្បងរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកិច្ច​ការ​សាធារណមតិ និងបុរេសកម្ម ក្នុងភូមិសាស្ត្ររបស់ខ្លួន។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តបញ្ជាក់ថា ពិធីនេះជា​ស្ពានចម្លង​សម្រាប់ជំនួបរវាងអាជ្ញាធរ ជាមួយអ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីជំរុញ​ឲ្យមានកិច្ចសហការល្អរវាងគ្នា ក៏ដូចជាធ្វើការបញ្ជ្រាបបន្ថែមពី​សេរីភាពសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដែល​ត្រឹមត្រូវ ព្រមទាំងមានប្រភពច្បាស់លាស់។ លោក ក៏បានកោតសរសើចំពោះ មន្ទីរព័ត៌មានខេត្ត ក៏ដូចជាអ្នកសារព័ត៌មាន​ក្នុង​ខេត្តសៀមរាប ដែលកន្លងមកតែងបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានវិជ្ជមាននានា ដើម្បីលើកម្ពស់វិស័យទេសចរណ៍ ក៏ដូចជា​សេដ្ឋកិច្ចក្នុងខេត្តទាំងមូល៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner