កូដកម្មទូទាំងប្រទេសឥណ្ឌា ជុំវិញការរំលោភ សម្លាប់ពេទ្យស្រី

បរទេស៖ នៅថ្ងៃសៅរ៍នេះ វេជ្ជបណ្ឌិតឥណ្ឌាបានចាប់ផ្តើមធ្វើកូដកម្ម ទូទាំងប្រទេស បន្ទាប់ពីមានការរំលោភ «ព្រៃផ្សៃ» និងសម្លាប់សហសេវិករបស់ពួកគេ ដែលបានបញ្ចេញកំហឹងចំពោះបញ្ហាអំពើហិង្សា លើស្ត្រីដ៏រ៉ាំរ៉ៃ បែបនេះ នៅក្នុងប្រទេស។

ការតវ៉ាបានកើតមានបន្តបន្ទាប់ តាំងពីរកឃើញសាកសព វេជ្ជបណ្ឌិតជានារី វ័យ៣១ឆ្នាំ នៅមន្ទីរពេទ្យរដ្ឋមួយ ក្នុងទីក្រុង Kolkata ភាគខាងកើត កាលពីថ្ងៃទី ៩ ខែសីហា។ ការតវ៉ាចុងក្រោយនេះ ក៏មានការចូលរួម ពីប្រជាជនឥណ្ឌាធម្មតា រាប់ម៉ឺននាក់ ដែលទាមទារឱ្យមានសកម្មភាព ដោះស្រាយបន្ទាន់។

គួររម្លឹកថា វេជ្ជបណ្ឌិតនារីរូបនេះ ត្រូវបានគេសម្លាប់ ក្នុងពេលសម្រាកប្តូរវេន។ ការធ្វើកោសល្យវិច័យបានបញ្ជាក់ ពីការរំលោភផ្លូវភេទ។ តាមរយៈពាក្យប្តឹង ទៅតុលាការ ឪពុកម្តាយជនរងគ្រោះសង្ស័យថា កូនស្រីរបស់ពួកគេ ត្រូវបានគេរំលោភ បូក។ បុរសម្នាក់ដែលធ្វើការ នៅមន្ទីរពេទ្យ ត្រូវបានឃុំខ្លួន ខណៈដែលការស៊ើបអង្កេតបន្តធ្វើ។

អ្នកតវ៉ា វ័យ២៩ឆ្នាំ ឈ្មោះ Akanksha ដែលក៏ជាវេជ្ជបណ្ឌិត បាននិយាយថា «មានការខ្វះខាត ហេដ្ឋារចនាសម្ព័ន្ធពេទ្យ ត្រឹមត្រូវ»។ នាងបាននិយាយទៀតថា «បន្ទាប់ពីធ្វើការរយៈពេល ២៤-៣៦ ម៉ោង នៅទីតាំងសម្រាក មិនមានកន្លែងសមរម្យ សម្រាប់យើងនោះទេ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner