រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ យុទ្ធនាការដាំកូនត្នោតនឹងធ្វើឡើង ១២០គីឡូម៉ែត្រតាមខ្សែបន្ទាត់ព្រំដែនវៀតណាម និងដាំតាមតំបន់មួយចំនួនទៀតនៅកម្ពុជា
(ត្បូងឃ្មុំ) ៖ យុទ្ធនាការដាំកូនត្នោតត្រូវបានធ្វើឡើងដូចភ្លៀងរលឹមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះរបស់ក្រសួងបរិស្ថាននៅក្នុងទឹកដីខេត្តត្បូងឃ្មុំ។យុទ្ធនាការដាំដើមត្នោតនេះដែរគឺបង្ហាញពីដើមរុក្ខជាតិមួយប្រភេទនេះដែលផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងណាស់ដល់ពលរដ្ឋកម្ពុជាតាំងតែពីយូរលង់ណាស់មកហើយ និងមិនតែប៉ុណ្ណោះវាជារុក្ខជាតិតំណាងអត្តសញ្ញាណរបស់កម្ពុជាទៀតផង។
ថ្លែងក្នុងយុទ្ធនាការដាំកូនឈើនៅតាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្រ្ត ខេត្ត ត្បូងឃ្មុំ ក្រោមប្រធានបទ”បណ្តុះគំនិតពន្លកបៃតង”នាវិទ្យាល័យ ហេង សំរិន ចក ក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងថា៖”ខ្ញុំបានបំផុសឱ្យមានការដាំដើមត្នោតនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងដែលជារូបភាពថែរក្សាទ្រព្យសម្បត្តិរុក្ខជាតិរបស់ខ្មែរយើងដើម្បីដាំតាមព្រំដែន។យើងបានដាំហើយ១ម៉ឺនដើម ឥឡូវខ្វះ ៤ម៉ឺនដើមទៀតគឺនឹងដាំបាន ១២០គីឡូម៉ែត្រតាមព្រំដែន ហើយ នៅពេលនោះគឺដើមត្នោតខ្មែរយើងនឹងដុះនៅតាមព្រំដែនទាំងអស់”។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដែរថា៖”ពេលនេះយើងដាំបាន១ម៉ឺនដើមហើយ នៅខែក្រោយយើងអាចដាំបាន៣ម៉ឺនដើម។សម្រាប់ឆ្នាំនេះយើងនឹងដាំឱ្យបាន ១២០គីឡូម៉ែត្រតាមព្រំដែនរបស់យើង។នៅខេត្តត្បូងឃ្មុំដាំឱ្យបានតាមព្រំដែនទាំងអស់។បើឆ្នាំនេះយើងដាំបានទាំងអស់ពោលគឺ ១២០គីឡូម៉ែត្រតាមព្រំដែននោះ ២០ឆ្នាំក្រោយសងខាងផ្លូវតាមព្រំដែននឹងស្អាតល្អ ។ នេះគឺការអភិវឌ្ឍន៍ទឹកដីរបស់យើង។ឃើញដើមត្នោតគឺដូចឃើញខ្មែរយើងហើយ”។
ឯកឧត្តម អ៊ាង សុផល្លែតបានថ្លែងដោយបញ្ជាក់បន្ថែមថា៖ការដាំដើមត្នោតគឺមិនត្រឹមតែធ្វើនៅតាមខេត្តត្បូងឃ្មុំនោះទេគឺឯកឧត្តមក៏មានយុទ្ធសាស្រ្តជា៣ដំណាក់កាលផងដែរក្នុងនេះគឺទី១ការគូសវាសគិតគូក្នុងការធ្វើ។ទី២គឺការសាកល្បង និង ទី៣គឺការអនុវត្ត។ពេលនេះក្រសួងធ្វើការបណ្តុះកូនត្នោតបានហើយចំនួន៣០ម៉ឺនដើ់មក្នុងឆ្នាំនេះ។សាកល្បងដាំរួចហើយ១ម៉ឺនដើម។ឆ្នាំនេះខេត្តត្បូងឃ្មុំ ឆ្នាំក្រោយខេត្តផ្សេងទៀត។នៅតាមផ្លូវព្រំដែនត្រូវតែដាំ និងមានដើមត្នោតខ្មែរយើង។មិនត្រឹមតែដាំតាមព្រំដែនទេ កន្លែងណាក៏ដាំដែរគឺមិនដាំរប៉ាត់រប៉ាយទេគឺដាំមានជួរបន្ទាត់ ជារង្វង់ ដាំយកផលធ្វើពាណិជ្ជកម្ម យកផលពីរុក្ខជាតិរបស់ជាតិយើងមួយនេះ។សម្រាប់ឆ្នាំក្រោយដាំដើមត្នោតយ៉ាងតិចបំផុតឱ្យបាន១លានដើម។យើងបណ្តុះដើម្បីចែកចាយសម្រាប់ដាំ។
ជាមួយនឹងយុទ្ធសាស្រ្តនៃការដាំដើមត្នោតដែលជារុក្ខជាតិនៃអត្តសញ្ញាណជាតិនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់សិស្សានុសិស្ស និងពលរដ្ឋចូលរួមថែរក្សាដើមត្នោតដែលបានដាំ និងដើមឈើទាំងអស់ដោយដាក់ជីស្រោចទឹកធ្វើយ៉ាងណាឱ្យរីកធំធាត់ និងទទួលបានផលនៅថ្ងៃខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដោយបញ្ជាក់បន្ថែមថា”សូមលោកគ្រូ អ្នកគ្រូ និងបងប្អូនធ្វើយ៉ាងណាបំផុសចលនា”ពន្លកបៃតង”មានន័យថាកាលណាដាំដើមត្នោត ដាំដើមឈើហើយត្រូវស្រោចទឹក ដាក់ជីថែទាំងដោយឱ្យវារីកធំធាត់សុះសាយពេញផ្ទៃប្រទេសដើម្បីធ្វើយ៉ាងណាឱ្យសម្រេចជោគជ័យតាមបំណងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែត”។
គួរបញ្ជាក់ថាដើមត្នោត មានភាគច្រើននៅក្នុងខេត្ត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងខេត្តកណ្ដាល។ក្នុងចំណោមរុក្ខជាតិជាច្រើនប្រភេទ ដើមត្នោតត្រូវបានចាត់ទុកជារុក្ខជាតិប្រជាប្រិយ និងអត្តសញ្ញាណរបស់ប្រទេសកម្ពុជា។ ការយកដើមត្នោតមកធ្វើជាតំណាងក៏ព្រោះតែរុក្ខជាតិមួយនេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនឥតគណនានៅក្នុងសង្គមខ្មែរ។ មិនតែប៉ុណ្ណោះដើមត្នោតក៏ត្រូវបានចាត់ទុកជារុក្ខជាតិដែលមានអាយុកាលយូរអង្វែង និងមានភាពរឹងមាំខុសប្លែកពីរុក្ខជាតិនានា៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ ជីម ភារ៉ា