សិង្ហបុរីខាត ៣៦លានដុល្លារ ព្រោះការឆបោកតាមអ៊ីនធឺណិត
សិង្ហបុរី : ប៉ូលីសសិង្ហបុរីបានរាយការណ៍ថា ក្នុងពេលជិត ២ខែចុងក្រោយ ក្រុមជនរងគ្រោះនៅសិង្ហបុរី បានខាតបង់ប្រាក់យ៉ាងហោចណាស់ ៣៦លានដុល្លារ ដោយសារតែការឆបោកវិនិយោគ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។
សារព័ត៌មាន The Straits Times បានចេញផ្សាយថា ករណីឆបោកនេះមានចំនួន ៨៩៧ករណីហើយ រាប់ចាប់តាំងពីខែកក្កដាមក ដោយជនរងគ្រោះត្រូវបានគេបញ្ចុះបញ្ចូលឱ្យវិនិយោគ តាមបណ្តាញ Telegram ។ ភាគច្រើននៃអ្នកបោកប្រាស់ទាំងអស់នោះបានបន្លំខ្លួនជាបុគ្គលល្បី ឬក្រុមហ៊ុនល្បីឈ្មោះ។
ជនល្មើសមិនត្រូវបានគេស្គាល់អត្តសញ្ញាណទាំងនោះ តែងប្រើល្បិចបោកបញ្ឆោត ដោយបង្ហាញប្រាក់ចំណេញពីការវិនិយោគរបស់ពួកគេ និងចែករំលែកប្រាក់ចំណេញរបស់ គេចូលគ្រុមជជែកជាមួយសមាជិកដទៃទៀត ដើម្បីធ្វើឱ្យជនរងគ្រោះជឿជាក់ថា ការវិនិយោគនេះ គឺពិតប្រាកដ ហើយទទួលបានផលចំណេញពិតៗ។
បើសិនជាជនរងគ្រោះជាប់អន្ទាក់ នោះជនឆបោកនឹងផ្តល់ជូនផែនការវិនិយោគមួយ ហើយស្នើសុំឱ្យផ្តល់ព័ត៌មានលម្អិតផ្ទាល់ខ្លួន មានដូចជា លេខគណនីធនាគារ ឈ្មោះ និងលេខទូរស័ព្ទ ហើយផ្ទេរប្រាក់ទៅគណនីធនាគារ និង PayNow ដែលបានបញ្ជាក់។ ប៉ូលីសបាននិយាយថា អ្នកបោកប្រាស់ក៏បានទាក់ទងជនរងគ្រោះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook និង WhatsApp ឬកម្មវិធីណាត់ជួប ដូចជា Coffee Meets Bagel ជាដើម។
ប៉ូលីសបន្ថែមថា ជនរងគ្រោះអាចបន្តចាញ់បោកអស់លុយជាច្រើនទម្រាំដឹងថាខ្លួនត្រូវបានគេបោកប្រាស់ នៅពេលពួកគេលុយដើមមកវិញមិនបាន។
ដើម្បីជៀសវាងពីការបោកប្រាស់ប្រភេទនេះ ប៉ូលីសបានជំរុញអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ថែម ឬដំឡើងមុខងារសុវត្ថិភាព។
សូមរម្លឹកថា នៅប្រទេសសិង្ហបុរី សកម្មភាពឆបោកតាមអ៊ីនធឺណែតកំពុងកើនឡើងខ្លាំង។ តួយ៉ាង ចំនួនសរុបនៃការឆបោកតាមអ៊ីនធឺណិតបានកើនឡើងដល់ ៤៦ ៥៦៣ករណីក្នុងឆ្នាំ ២០២៣ ឬកើនឡើង ៤៦.៨ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ធ្វើឱ្យខាតបង់ប្រាក់សរុបចំនួន ៤៨៦លានដុល្លារ នេះបើយោងតាមកងកម្លាំងប៉ូលីសសិង្ហបុរី៕
ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា