អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងាត់និងកុំជឿតាមការឃោសនាអូសទាញ និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច

តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១៧ ខែសីហានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងថា នាថ្មីៗនេះ មានបុគ្គលម្នាក់បានក្លែងឯកសណ្ឋាន នៃកងយោធពលខេមរភូមិន្ទ ហើយអះអាងថាខ្លួនជា «វរៈសេនីយ៍ទោ មី ដារ៉ា អតីតនាយរងការិយាល័យយោធភូមិភាគទី៥» បានអំពាវនាវឱ្យយុវជន ចូលរួមធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា បុគ្គល មី ដារ៉ា មិនមែនជា យោធិននៃកងយោធពលខេមរភូមិន្ទទៀតនោះទេ ដោយបុគ្គលរូបនេះ បានប្រព្រឹត្តបទល្មើសឆបោក, អនុវត្តខុសនឹងបទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទជាច្រើនលើកច្រើនសារ ព្រមទាំងបាន បោះបង់អង្គភាព ចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ ដោយបានរត់គេចខ្លួនពីការអនុវត្តច្បាប់ ទៅជ្រកកោណនៅប្រទេសអូស្រ្តាលី ហើយថែមទាំងបានចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់ វាយប្រហារជាបន្តបន្ទាប់មកលើកងយោធពលខេមរភូមិន្ទ និងរាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ការអំពាវនាវរបស់បុគ្គលរូបនេះឱ្យយុវជនចូលរួមបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឱ្យបាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការអំពាវនាវនេះ នឹងមិនមានស្ថានភាពទម្ងន់ណាមួយមកលើ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងកុំជឿតាមការឃោសនាអូសទាញ និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលនៅក្រៅប្រទេស រហូតចូលរួមក្នុងចលនាខុសច្បាប់ណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនោះឡើយ៕
ដោយ៖ពលជ័យ

ads banner