ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ រយៈពេលជិតមួយឆ្នាំនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចំនួន ៧ដង និងកំពុងបន្តរៀបចំជាបន្តបន្ទាប់
(ភ្នំពេញព)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងរយៈពេលជិតមួយឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចំនួន៧ ដង និងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ដោយអនុលោមនិយាមនីតិវិធីសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។
ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួមុខងារសារធារណៈ និងជាប្រធានគណគណៈកម្មាការប្រឡងប្រជែង នៅក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅមុនពេលប្រកាសលទ្ធផលប្រឡងជ្រើសរើសគ្រូបឋមសិក្សា កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តម គូសបញ្ជាក់បន្ថែមថា រាល់ការប្រឡងនីមួយៗ គណៈកម្មការរៀបចំការប្រឡងប្រជែងអន្តរក្រសួង តែងតែបានយកចិត្តទុកលើគ្រប់ដំណាក់កាលនៃការប្រឡង រួមទាំងការតាមដានជាប្រចាំលើការចូលរួមមតិយោបល់របស់បេក្ខជន និងសាធារណៈមតិ ធ្វើយ៉ាងណាឱ្យប្រព័ន្ធនៃការជ្រើសរើសមន្ត្រីរាជការនេះ ដំណើរការទៅកាន់តែរលូន និងកាន់តែល្អប្រសើរ។
ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងារ នៃគណៈកម្មការ និងអនុគណៈកម្មការ រួមទាំងស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យការប្រឡងប្រព្រឹត្តទៅបានដោយរលូន រួមទាំងការជួយសម្របសម្រួលគ្រប់ទិដ្ឋភាពជូនបេក្ខជន និងអាណាព្យាបាល។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានថ្លែងនូវការសូមចូលរួមអបអរសាទរ ដល់បេក្ខជនប្រឡង ជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា និងសូមលើកទឹកចិត្តដល់បេក្ខជនដែលមិនទទួលបានជោគជ័យនាពេលនេះ សូមបន្តចូលរួមនាពេលជាបន្តបន្ទាប់។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសសម្រាប់ការប្រឡងប្រជែងតាមរយៈការប្រើប្រាស់សមត្ថភាពរបស់ខ្លួន ដោយស្មើភាពគ្នា និងឱកាសច្រើនដងសម្រាប់បេក្ខជនគ្រប់ៗរូប មកពីគ្រប់ទិសទី។
គួរបញ្ជាក់ផងដែរថា បេក្ខជនប្រឡង ជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា នេះមានចំនួន ១៣៤៧ នាក់ ក្នុងនោះស្រី ៨៧៦នាក់ ខណៈបែកជនបម្រុង ១៤៨០នាក់ ស្រី ៩៤០នាក់ ។
សូមជម្រាបថា៖ក្នុងរយៈពេល១(មួយ)សប្តាហ៍ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ៖ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌនៅទីកន្លែងបម្រើការងារដែលបានជ្រើសរើសមក អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរស័ព្ទ តេឡេក្រាម ០១២៧៧៩៦៩៦, ០១៦៦១០៩៩៩, ០៩៧២០០២៦០០, ០៨៩៣៧៧១៩១។
បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។
ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈនឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធីនៃ ការរៀបចំការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងផ្តល់ក្របខណ្ឌ ស្របតាមលិខិតបទដ្ឋានជាធរមាន។
បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌតម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្ម បណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតាមតម្រូវការខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការហើយក៏ដោយ ៕
ដោយ ៖ ង៉ាន់ ទិត្យ