ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ៖ ការចោទប្រកាន់ពីក្រុមបាតុកម្មជ្រុលនិយមនៅក្រៅប្រទេស គឺជាចេតនាបំផ្លាញការអភិវឌ្ឍនិងសុខសន្តិភាពរបស់កម្ពុជាយ៉ាងពិតប្រាកដ

ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានថ្លែងថា ការចោទប្រកាន់ពីក្រុមបាតុកម្មជ្រុលនិយមនៅក្រៅប្រទេស គឺជាចេតនាបំផ្លាញការអភិវឌ្ឍនិងសុខសន្តិភាពរបស់កម្ពុជាយ៉ាងពិតប្រាកដ។ ទោះបីមានការបកស្រាយពន្យល់យ៉ាងច្បាស់ៗពីក្រសួងពាណិជ្ជកម្ម និងការបកស្រាយពន្យល់តាមរយៈសារសំឡេងដ៏ខ្ពង់ខ្ពស់និងច្បាស់លាស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាយ៉ាងណាក៏ដោយ ក៏ក្រុមជ្រុលនិយមទាំងអស់នេះមិនព្រមស្ដាប់ដែរ។ ការងប់ងល់ជាមួយនឹងជនក្បត់ជាតិបីជំនាន់ វាពិតជាធ្វើឱ្យបាត់បង់អនាគតនិងបាត់បង់ស្ថេរភាពការងាររបស់បងប្អូន ជាពិសេសសេដ្ឋកិច្ចក្នុងគ្រួសារ។

ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបន្តថា បងប្អូនត្រូវចាំថា ប្រទេសកូរ៉េនិងប្រទេសជប៉ុន គេមិនបណ្ដោយឱ្យបងប្អូនយកទីតាំងប្រទេសរបស់គេជាកន្លែងបំផ្លាញមិត្តភាពដ៏ល្អនិងបំផ្លាញរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតគាំទ្រពីបងប្អូនប្រជាពលរដ្ឋនោះទេ។

ក្នុងនាមជាអ្នកនយោបាយ ឯកឧត្តមមិនគាំទ្រចំពោះទង្វើដែលខ្វះការយល់ដឹងនិងខ្វះការពិចារណាក្នុងការព្យាយាមធ្វើបាតុកម្មដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលនោះទេ។ ដូច្នេះសូមបងប្អូនពិចារណាឡើងវិញ ហើយឈប់បន្តការគាំទ្រចំពោះនិន្នាការផ្សេងៗរបស់ជនក្បត់ជាតិដែលជាមេដឹកនាំបាតុកម្ម និងក្រុមជ្រុលនិយមនៅក្រៅប្រទេសតទៅទៀត។ អនាគតរបស់បងប្អូនមិនមែនផ្ញើលើប្រទេសកូរ៉េនិងប្រទេសជប៉ុនរហូតនោះទេ ហើយបងប្អូនត្រូវចាំថាប្រទេសកំណើតរបស់ខ្លួនគឺ ( ប្រទេសកម្ពុជា ) ដូច្នេះកិច្ចការងាររបស់បងប្អូនក៏មានពេលវេលាកំណត់រយៈពេលនៃការធ្វើកិច្ចការងារនៅទីនោះដែរ ហើយក្រុមគ្រួសាររបស់បងប្អូនក៏នៅរង់ចាំបងប្អូនវិលត្រឡប់មកវិញគ្រប់ពេលវេលាដែរ។ តើបងប្អូនត្រូវការបំផ្លាញសេចក្តីសុខក្នុងក្រុមគ្រួសារតាមរយៈភាពមិនច្បាស់លាស់ជឿតាមសម្ដីញុះញង់របស់ក្រុមក្បត់ជាតិទាំងអស់នោះដែលមិនដែលជួយអ្វីដល់បងប្អូនទាល់តែសោះមែនដែរឬទេ? បងប្អូនត្រូវចាំថារាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូន និងបានបានសម្របសម្រួលរាល់ពេលបងប្អូនមានបញ្ហានៅក្រៅប្រទេសក្រសួងការងារតែងតែទៅជួយបងប្អូនជានិច្ច៕
ដោយ៖ពលជ័យ

ads banner