ភ្លើងឆេះព្រៃលេបត្របាក់តួកគី មនុស្សរាប់រយបង្ខំចិត្តភៀសខ្លួន
អង់ការ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមមន្ត្រីតួកគីបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រុមពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅក្នុងទីក្រុងរមណីយដ្ឋាន Aegean នៃទីក្រុង Izmir ខណៈដែលមនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។
ទូរទស្សន៍រដ្ឋតួកគី NTV បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ និងយន្តហោះទម្លាក់ទឹក កំពុងបន្តប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងចាប់តាំងពីព្រឹកថ្ងៃសៅរ៍។ ភ្លើងឆេះព្រៃបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់តំបន់លំនៅដ្ឋានរបស់ប្រជាជន ដោយសារខ្យល់បក់ក្នុងល្បឿន ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya បាននិយាយថា អ្នកស្រុកចំនួន ៩០០ នាក់នៅក្នុងស្រុកចំនួន៥ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីសុវត្ថិភាពពេញមួយយប់នៅក្នុងទីក្រុង Izmir។ សាក្សី ម្នាក់ បាន ប្រាប់ កាសែតបារាំង AFP ថា ផ្សែងក្រាស់បានប្រែពណ៌មេឃខៀវទៅពណ៌ប្រផេះ ហើយបានហុយពាសពេញទីក្រុង Izmir ដែលដែលជាទីក្រុងមាន ប្រជាជន ច្រើន បំផុត ទី បី ក្នុង ប្រទេស តួកគី។
រដ្ឋមន្ត្រីកសិកម្ម និងរុក្ខាប្រមាញ់តួកគី លោក Ibrahim Yumakli បាននិយាយថា បច្ចុប្បន្ន យន្តហោះពីរគ្រឿង និងឧទ្ធម្ភាគចក្រចំនួន ១១គ្រឿងកំពុងបន្តធ្វើអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃ ហើយថា អ្នករស់នៅក្នុងទីក្រុងមិនគួរព្រួយបារម្ភខ្លាំងពេកទេ។ លោករដ្ឋមន្ត្រីបន្ថែមថា ផ្ទៃដីទំហំប្រហែល ១.៦០០ហិកតាបានរងផលប៉ះពាល់។ ភភ្ភ្លើងឆេះព្រៃចំនួន៦ផ្សេងទៀតក៏កំពុងបន្ត ឆាបឆេះ ក្នុង តំបន់ ព្រៃ ក្នុង ទីក្រុង ផ្សេង ទៀត នៅប្រទេស តួកគី រួម មាន ភាគពាយ័ព្យ ទីក្រុង Bolu និងភាគ ខាងលិចទីក្រុង Aydin៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា