ជប៉ុនបើកដំណើរការសេវាដឹកជញ្ជូនឡើងវិញ ក្រោយព្យុះទីហ្វុង Ampil ចាកចេញ
តូក្យូ : ទីក្រុងតូក្យូ និងតំបន់ជុំវិញខ្លួនបានប្រកាសអាសន្នខ្ពស់កាលពីថ្ងៃទី១៦ ខែសីហា ស្របពេលដែលព្យុះទីហ្វុង Ampil បានធ្វើឱ្យសេវាដឹកជញ្ជូន ការធ្វើដំណើរ ព្រឹត្តិការណ៍នានា និងសាលារៀន ត្រូវបានលុបចោល និងបិទទ្វា។
ព្យុះទីហ្វុង Ampil ដែលបានបោកបក់ផ្នែកខ្លះនៃប្រទេសជប៉ុន ជាមួយនឹងកម្លាំងខ្យល់ជាង ២០០គីឡូម៉ែត្រក្នុងមួយម៉ោង បានរំកិលចេញទៅកាន់សមុទ្រកាលពីថ្ងៃទី១៧ ខែសីហា ដែលអនុញ្ញាតឱ្យសេវាកម្មរថភ្លើង និងជើងហោះហើរមួយចំនួនបើកដំណើរការឡើងវិញ។
ព្ព្យុះទីហ្វុងនេះបានបក់ បោក ក្នុង ល្បឿន ២១៦ គីឡូម៉ែត្រ ក្នុង មួយ ម៉ោង នៅ ព្រឹក ថ្ងៃ ទី ១៧ ខែសីហា នៅ ពេល ដែល វា បាន បោក បក់ ចេញ ពី ប្រជុំ កោះ ហើយ ឆ្ពោះ ទៅ ភាគ ឦសាន ចូល សមុទ្រ ប៉ាស៊ីហ្វិក។
បន្ទាប់ពីព្យុះទីហ្វុង Ampil បានចាកចេញ ផ្នែកភាគច្រើននៃបណ្តាញរថភ្លើងរបស់ប្រទេសជប៉ុនបានវិលទៅរកភាពធម្មតាវិញនៅថ្ងៃទី ១៧ ខែសីហា។ ក្រុមហ៊ុនផ្លូវដែកបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ថ្ងៃនេះ រថភ្លើងល្បឿនលឿន JR Central បានបើកដំណើរការដូចធម្មតាវិញហើយ។
យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននៅតែរងឥទ្ធិពល ដោយទូរទស្សន៍រដ្ឋជប៉ុន NHK បានចេញផ្សាយថា រាយការណ៍ថា ក្រុមហ៊ុន All Nippon Airways និង Japan Airlines បានរួមគ្នា លុបចោលជើងហោះហើរចំនួន៦៨ នៅព្រឹកថ្ងៃទី១៧ ខែសីហា បន្ទាប់ពីការលុបចោលជើងហោះហើររាប់រយថ្ងៃមុន៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា