អត្រាយុវជនគ្មានការងារធ្វើនៅចិន ស្ទុះឡើងជាង ១៧ភាគរយ ក្នុងខែកក្កដា
ប៉េកាំង ៖ ប្រទេស ចិន កំពុង ប្រយុទ្ធ នឹង ការកើនឡើង អត្រាគ្មានការងារធ្វើ ក្នុងចំណោម មនុស្ស វ័យក្មេង ចំពេលវិស័យអចលនទ្រព្យដាំក្បាលចុះ និងបញ្ហាសង្រ្គាមពាណិជ្ជកម្ម ជាមួយ ប្រទេស លោកខាងលិច។
និស្សិតជិត ១២លាននាក់បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យចិនក្នុងខែមិថុនា ដែលបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារការងារដ៏លំបាក ចំពេលកើនឡើងខ្លាំងអត្រាគ្មានការងារធ្វើមួយខែក្រោយ គឺនៅខែកក្កដា។
តួលេខផ្លូវការបានបង្ហាញថា អត្រាយុវជនគ្មានការងារធ្វើក្នុងប្រទេសចិន បានកើនឡើងដល់ ១៧.១ភាគរយនៅក្នុងខែកក្កដា ដែលតួលេខនេះជាកម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤ ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ ប្រឈមមុខនឹងវិបត្តសេដ្ឋកិច្ច។
ក្នុងចំណោមប្រជាជនដែលមានអាយុពី ២៥ ទៅ ២៩ឆ្នាំ អត្រាគ្មានការងារធ្វើមានចំនួន ៦.៥ភាគរយក្នុងខែកក្កដា កើនឡើងពី ៦.៤ភាគរយកាលពីខែមិថុនា។ សម្រាប់កម្លាំងពលកម្មទាំងមូល អត្រាគ្មានការងារធ្វើ គឺ៥.២ភាគរយ។
សូមរម្លឹកថា កាលពីខែឧសភាឆ្នាំនេះ ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង បានថ្លែងថា ការប្រឆាំងនឹងអត្រាគ្មានការងារធ្វើរបស់យុវជន ត្រូវតែចាត់ទុកថា ជា “អាទិភាពកំពូល”៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា