មនុស្ស ១៤នាក់ស្លាប់ និង ១៨នាក់របួស ក្នុងគ្រោះថ្នាក់ក្រឡាប់ឡានក្រុងនៅបូលីវី

ឡាប៉ាស ៖ ឧបទ្ទវហេតុក្រឡាប់ឡានក្រុងមួយគ្រឿងនៅប្រទេសបូលីវី ផ្តាច់ជីវិតមនុស្ស ១៤នាក់ និង១៨នាក់ទៀតរងរបួស កាលពីយប់ថ្ងៃសុក្រ (ម៉ោងក្នុងតំបន)។

ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់ និង ១៨នាក់ទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីឡានក្រុងមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ នៅភាគខាងត្បូងប្រទេសបូលីវី។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ (ម៉ោងក្នុងតំបន) នៅពេលដែលឡានក្រុងមួយគ្រឿងបានធ្លាក់ទៅក្នុងច្រាំងថ្មចោទនៅលើផ្លូវដ៏មមាញឹកមួយកន្លែង ដែលតភ្ជាប់ទីក្រុង Tarija មានចម្ងាយប្រហែល ៨៨០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី ឡាប៉ាស ជាមួយនឹងភាគកណ្តាលនៃទីក្រុង Santa Cruz។

អ្នកនៅរស់រានមានជីវិតម្នាក់បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា បញ្ហាប្រព័ន្ធហ្វ្រាំងរបស់ឡានក្រុង ទំនងជាមូលហេតុនៅក្រោយឧបទ្ទវហេតុនេះ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សប្រហែល ១.៤០០នាក់ជាមធ្យមជារៀងរាល់ឆ្នាំនៅបូលីវី ដែលជាប្រទេសដែលមានប្រជាជនប្រហែល ១២លាននាក់។ គ្រោះថ្នាក់ ភាគច្រើន កើតឡើង ដោយសារ កំហុស របស់ អ្នកបើកបរ ឬ ឬបញ្ហាគ្រឿងម៉ាស៊ីន។

តួយ៉ាង កាលពីខែកក្កដា មនុស្ស ២២នាក់បានស្លាប់ និង ១៦នាក់បានរងរបួសនៅភាគខាងលិចប្រទេសបូលីវី នៅពេលដែលឡានដឹកទំនិញ និងឡានក្រុងបានបើកបុកគ្នាពេញទំហឹង។ ដោយឡែក ឧបទ្ទវហេតុស្រដៀងគ្នានេះកាលពីខែមេសា ក៏បានឆក់យកជីវិតមនុស្ស ១៤នាក់ផងដែរ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner