ស៊ូដង់ប្រកាសពីការរាតត្បាត នៃជំងឺអាសន្នរោគ
ខាទុំ ៖ ក្រសួងសុខាភិបាលស៊ូដង់ កាលពីថ្ងៃសៅរ៍ បានប្រកាសចាត់ទុកជំងឺអាសន្នរោគ ជាមេរោគរាតត្បាតដ៏កាចសាហាវ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។
រដ្ឋមន្ត្រីសុខាភិបាលស៊ូដង់ លោក Haitham Ibrahim បានគូសបញ្ជាក់ថា ប្រទេសរបស់លោកកំពុងប្រកាសចាត់ទុកជំងឺអាសន្នរោគ ជាមេរោគរាតត្បាតដ៏កាចសាហាវទូទាំងប្រទេស ដោយសារតែលក្ខខណ្ឌអាកាសធាតុ និងការបរិភោគទឹកខ្វះអនាម័យ។
រដ្ឋមន្ត្រីសុខាភិបាលស៊ូដង់រូបនេះ បានអះអាងថាការសម្រេចចិត្តនេះធ្វើឡើងរួមគ្នាជាមួយអាជ្ញាធរនៅរដ្ឋ Kassala ភាគខាងកើត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកជំនាញ បន្ទាប់ពីមន្ទីរពិសោធន៍សុខភាពសាធារណៈបានរកឃើញមេរោគអាសន្នរោគ។
អស់រយៈពេលជាច្រើនសប្តាហ៍ ប្រទេសស៊ូដង់បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក ដោយរដ្ឋ Kassala បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរជាងគេ។ អាជ្ញាធរ នៅ ទីនោះ បាន បានអំពាវនាវឲ្យមានការផ្តល់ជំនួយ អន្តរជាតិបន្ទាន់ និង ឆាប់រហ័សបំផុត។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីទឹកជំនន់ ចំពេលមានការកើនឡើងនៃជំងឺនានា រួមទាំងជំងឺរាគរូស ជាពិសេសចំពោះកុមារ។
ជំងឺអាសន្នរោគបណ្តាលឱ្យអ្នកជំងឺរាគធ្ងន់ធ្ងរ ក្អួត និងរមួលសាច់ដុំ ហើយជាទូទៅកើតចេញពីការបរិភោគអាហារ ឬទឹកខ្វះអនាម័យ មានផ្ទុកបាក់តេរី នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ជំងឺអាសន្នរោគនេះដែរ ក៏អាចបណ្តាលឱ្យអ្នកជំងឺខ្សោះជាតិទឹកធ្ងន់ធ្ងរ ហើយមានករណីខ្លះឈានដល់ការបាត់បង់ជីវិតក្នុងរយៈពេលពីរបីម៉ោងប៉ុណ្ណោះ។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ករណីឆ្លងជំងឺអាសន្នរោគចំនួន ៣០៧.៤៣៣ ករណី និងករណីស្លាប់ចំនួន ២.៣២៦ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន២៦ គិតមកទល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៤៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា
