ចូលការិយាល័យភ្លាម! Paetongtarn ប្តេជ្ញាស្តារសេដ្ឋកិច្ច

បាងកក៖ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានប្តេជ្ញាថា នឹងជំរុញសេដ្ឋកិច្ចជាតិ ដែលកំពុងធ្លាក់ចុះ ពោលគឺ ភ្លាមៗ ក្រោយពេលដែលលោកស្រី ចូលកាន់តំណែង ជាផ្លូវការ កាលពីថ្ងៃអាទិត្យ។

លោកស្រី Paetongtarn វ័យ៣៧ឆ្នាំ ជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត របស់ថៃ បានឡើងកាន់អំណាច បន្ទាប់ពីតុលាការបានបណ្តេញនាយករដ្ឋមន្ត្រីមុន និងរំសាយគណបក្សប្រឆាំងដ៏ធំ ដែលត្រូវបានចាត់ទុកថា ជាឆាកនយោបាយប្រែប្រួលខ្លាំង ដែលមិនធ្លាប់មានពីមុនមក របស់ប្រទេសថៃ។

លោកស្រី Paetongtarn គឺត្រកូល ស៊ីណាវ៉ាត្រា ទី៣ ដែលធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែ នឹងសង្ឃឹមថា អាចគេចផុតពីការមានជោគវាសនា ដូច ឪពុក និងម្តាយមីង គឺលោកស្រី យីងឡាក់ ដោយអតីតនាយករដ្ឋមន្ត្រី ទាំងពីររូប សុទ្ធតែត្រូវបានទម្លាក់ចេញពីអំណាច ក្នុងរដ្ឋប្រហារយោធា។

លោកស្រី Paetongtarn បានអះអាងថា «ក្នុងនាមជាប្រមុខរដ្ឋាភិបាល ខ្ញុំនឹងធ្វើការជាមួយសភា ដោយបេះដូងបើកចំហ បើកចំហ ចំពោះគ្រប់គំនិត ដើម្បីជួយអភិវឌ្ឍប្រទេស…» ។

លោកស្រី បានបន្តថា «ភារកិច្ចនេះ មិនអាចធ្វើដោយនាយករដ្ឋមន្ត្រី តែម្នាក់ឯង បានទេ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចសម្របសម្រួល ពីមនុស្សគ្រប់ជំនាន់ អ្នកមានទេពកោសល្យទាំងអស់ នៅក្នុងប្រទេសថៃ រាប់ចាប់ពីគណៈរដ្ឋមន្ត្រី, ក្រុមសម្ព័ន្ធ , មន្ត្រីរាជការ វិស័យឯកជន និងស្ថាប័ននានា»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner