វាយសីពានរង្វាន់អភិសន្តិបណ្ឌិត ស សុខា មិនត្រឹមតែបង្ហាញពី ចំណងមិត្តភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបំផុសកីឡាវាយសីទូទាំងប្រទេស
ភ្នំពេញ៖ ការប្រកួតកីឡាវាយសី ពានរង្វាន់ មិត្តភាពជាតិ និងអន្តរជាតិ ដែលបានដំណើរអស់រយៈ៤ថ្ងៃ នៅក្នុងបរិវេណសាលាបឋមសិក្សា ពញាហុក បានបញ្ចប់ការប្រកួតដោយជោគជ័យ។
ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានថ្លែងថា អស់រយៈពេល៤ថ្ងៃនៃដំណើរការប្រកួត គឺបានបញ្ចប់ទៅដោយជោគជ័យ ដោយសារតែការចូលរួមពីកីឡាករកីឡាការិនីទាំងជាតិនិងអន្តរជាតិច្រើនផុសផុលលើសការរំពឹងទុក។
ឯកឧត្តម ប្រធានគណៈកម្មការរៀបចំការប្រកួត បានគូសបញ្ជាក់ទៀតថា នេះជាការរៀបចំលើកទី១ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ហើយការប្រកួតនេះ គឺបានរៀបចំឡើង ដើម្បីបង្ហាញអំពីការរិតចំណងមិត្តភាព និងសាមគ្គីភាព រវាងកងកម្លាំងអនុវត្តច្បាប់នៃបណ្តាប្រទេសសមាគមអាស៊ាន។មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាពជាតិនិងអន្តរជាតិនេះ ក៏បានផ្តល់ឱកាសដល់បណ្តាក្លិបទូទាំងប្រទេសចូលរួមប្រកួត ដែលជាការចូលរួមចំណែកបំផុសអភិវឌ្ឍន៍កីឡាវាយសីនៅកម្ពុជា ពិសេស ជំរុញឱ្យយុវជនចូលរួមលេងកីឡាវាយសីទទួលបាននូវសុខភាព និងជៀសឆ្ងាយអំពើរអបាយមុខផ្សេងៗផងដែរ។
ឯកឧត្តម សរ សិទ្ធិ បានគូសបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍មួយនេះ នៅឆ្នាំ២០២៥ឆ្នាំក្រោយ កម្ពុជាគ្រោងនឹងទទួលធ្វើជាម្ចាស់ផ្ទះទៀត ។ប្រសិនបើបណ្តាប្រទេសផ្សេងៗទៀតគេពុំរៀបចំ។ហើយ ព្រឹត្តិការណ៍នេះ អាចនឹងធំជាងមុន ដោយកម្ពុជា នឹងធ្វើការស្នើសុំទៅកាន់បណ្តាប្រទេសក្នុងសហគមអាស៊ានឱ្យបញ្ជូនប្រតិភូអពលិកមកចូលរួម។ខណៈការប្រកួតកម្រិតជាតិវិញ ក៏នឹងរៀបចំកាន់តែស្តង់ដា បន្ថែមទៀតដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីពានរង្វាន់ មិត្តភាពជាតិ និងអន្តរ អភិសន្តិបណ្ឌិត ស សុខា លើកទី១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានចំនួន៣ពានរង្វាន់ គឺពានរង្វាន់ទី១ សម្រាប់អន្តរអគ្គចំណុះឱ្យក្រសួងមហាផ្ទៃ ពានរង្វាន់ទី២ សម្រាប់ក្លិបវាយសី ឬសមាគមកីឡាវាយសីទូទាំងប្រទេសនិងពានរង្វាន់ទី៣ ជាពានរង្វាន់អន្តរជាតិ សម្រាប់កងកម្លាំងអនុវត្តច្បាប់នៃប្រទេសអាស៊ាន ដែលមាន៥ប្រទេស មានកម្ពុជាម្ចាស់ផ្ទះ ថៃ វៀតណាម សង្ហបុរី និងប្រទេសម៉ាឡេស៊ី៕
រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ







