ឆេះកន្ត្រក់វិល នៅប្រទេសអាឡឺម៉ង់
បរទេស៖ មនុស្សជាង២០នាក់ បានរងរបួស ក្នុងហេតុការណ៍ឆេះកន្ត្រក់វិល នៅឯពិធីបុណ្យតន្ត្រី Highfield នៅក្បែរនឹងក្រុង Leipzig របស់ប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍។
អគ្គីភ័យបានឆាបឆេះភ្លាមៗ បន្ទាប់ពីម៉ោង ៩យប់ថ្ងៃសៅរ៍ ប៉ុន្តែ ត្រូវបានពន្លត់វិញ យ៉ាងឆាប់រហ័ស នេះបើតាមអ្នកនាំពាក្យប៉ូលិស។
ប្រភពបានបញ្ជាក់ថា មនុស្សបួននាក់ត្រូវបានភ្លើងឆេះ, ម្នាក់រងរបួសដោយសារការដួល, ហើយមនុស្ស ១៨ នាក់ផ្សេងទៀតរងរបួស ដោយសារតែបានស្រូបផ្សែង។
អ្នកនាំពាក្យបាននិយាយទៀតថា ឧទ្ធម្ភាគចក្រ និងក្រុមពន្លត់អគ្គីភ័យបានឆ្លើយតបភ្លាមៗ ហើយអ្នករបួសទាំងអស់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យក្បែរនោះ។ យ៉ាងណាមិញ នគរបាលមិនបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យឆេះកន្ត្រក់វិល លើកនេះ នៅឡើយទេ។
បុណ្យ Highfield ត្រូវបានគេដឹងថា ជាពិធីបុណ្យតន្ត្រីរ៉ុក ទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ រៀងរាល់រដូវក្តៅ ទៅកាន់ច្រាំងនៃបឹង Stormthaler។ សម្រាប់បុណ្យឆ្នាំនេះ មានការចូលរួមពីតារាចម្រៀងល្បីៗ រួមមាន Macklemore, The Kooks, Flogging Molly និង Rise Against ជាដើម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
