ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៣៤២គ្រួសារ នៅក្នុងឃុំចំនួន៦ ស្រុកថាឡាបរិវ៉ាត់ ទទួលអំណោយ កាកបាទក្រហមកម្ពុជា

(ស្ទឹងត្រែង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤ បានចាត់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៤២គ្រួសារ ដែលមាន៣ទីតាំង ៖
ទីតាំងទី១ ៖ នៅក្នុងបរិវេណវត្តសោភ័ណ្ឌរង្សី មកពីឃុំចំការលើ ៦២គ្រួសារ និងឃុំអន្លង់ភេ ៣៤គ្រួសារ ។ ទីតាំងទី២ ៖ នៅក្នុងបរិវេណប្រាសាទព្រះគោ មកពីឃុំថាឡាបរិវ៉ាត់ ៧១គ្រួសារ និងឃុំស្រែឫស្សី ៧៦គ្រួសារ ។
ទីតាំងទី៣ ៖ នៅក្នុងបរិវេណសាលាបឋមសិក្សាកាំងចាម មកពីឃុំកាំងចាម ៥២គ្រួសារ និងឃុំអូររៃ ៤៧គ្រួសារ ។

ឯកឧត្តមអគ្គលេខាធិការរងទី២ មានប្រសាសន៍ថា “កាកបាទក្រហមកម្ពុជា មានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខភាពរបស់ប្រជានុរាស្ត្រនិងប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានយកចិត្តទុក្ខដាក់ខ្ពស់នូវជំងឺមិនឆ្លងធំៗចំនួន៤គឺ ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបណ្តាលមកពីការបរិភោគមិនបានត្រឹមត្រូវ មិនធ្វើលំហាត់ប្រាណ ជាពិសេសភេសជ្ជៈដែលមានជាតិផ្អែម និងសូមឪពុកម្តាយត្រូវនាំកូនស្រីដែលមានអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំងការពារមហារីមាត់ស្បូនឱ្យបានគ្រប់ៗគ្នា និងឥតគិតថ្លៃ”។

ឯកឧត្តម បានបន្តទៀតថា “បើតាមការសាកសួរប្រជាពលរដ្ឋ នៅក្នុងតំបន់នេះគឺមានអូរច្រើន ហើយនៅក្នុងរដូវស្សាតែងតែមានជំនន់ទឹកភ្លៀងរហ័សអាចកើតឡើង២ឬ៣ដងក្នុងមួយថ្ងៃ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នជាពិសេសចាស់ជរានិងក្មេងតូចៗដែលប្រឈមខ្ពស់ការលង់ទឹកបណ្តាលឱ្យបាត់បងជីវិតបាន ហើយបច្ចុប្បន្ននេះបញ្ហាប្រឈមធំបំផុតរបស់ពិភពលោកគឺការប្រែប្រួលអកាសធាតុ យើងអាចកាត់បន្ថយការប្រែប្រួលអាកាសធាតុបាន យើងទាំងអស់គ្នាត្រូវចូលរួមដាំដើមឈើ និងសូមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិកជាផ្នែកមួយក្នុងការបំពុលបរិស្ថាន និងសុខភាពបងប្អូនផងដែរ ហើយប្លាស្ទិកនេះអាចរលាយដោយខ្លួងឯងមានរយៈពេលពី៣០០ទៅ៤០០ឆ្នាំ”។

សូមបញ្ជាក់ថា ៖ក្រៅពីអំណោយមនុស្សធម៌សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះសរុប៣៤២គ្រួសារនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានសម្រេចផ្តល់អំណោយមនុស្សធម៌ ១០៨គ្រួសារទៀតជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីទុកឆ្លើយតបបន្ទាន់ពេលមានតម្រូវការ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner