កីឡាករ វ៉ាន វ៉ុន ៖ ប្តេជ្ញារក្សាសិទ្ធផលចាស់ ឬអាចបំណែកកំណត់ត្រាថ្មី ក្នុងប៉ារ៉ាឡាំពិកហ្គេម ទីក្រុងប៉ារីស ជូនកម្ពុជា
ភ្នំពេញ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤- កីឡាករជនមានពិការភាព វ៉ាន វ៉ុន បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រឹងប្រែងរក្សាសិទ្ធផលចាស់ នៅប្រទេសជប៉ុន ឆ្នាំ២០២០ ឬអាចបំបែកកំណត់ត្រាថ្មីមួយ ដើម្បីកម្ពុជា ក្នុងការប្រកួតប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង (PARALYMPIC GAMES PARIS 2024) នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ ការអហអាងនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រាជធានីភ្នំពេញ។
កីឡាករប្រណាំងរទេះ វ៉ាន វ៉ុន បានបញ្ជាក់ថា ក្នុងនាមជាបេក្ខភាពតែមួយគត់របស់កម្ពុជា សម្រាប់ការប្រកួតប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស លើវិញ្ញាសា១០០ម៉ែត្រ ។ «ខ្ញុំនឹងព្យាយាមប្រកួតធ្វើឱ្យបានល្អជាងព្រឹការណ៍មុនៗ ដើម្បីបង្ហាញថា កីឡាករជនមានពិការភាពកម្ពុជា ក៏សមត្ថភាពចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេសធំៗបាន។
ខ្ញុំបានហ្វឹកហាត់ត្រៀមយូរខែមកហើយដែរ សម្រាប់ចូលរួមប្រកួតប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤។ កាលពីខ្ញុំចូលរួមប្រកួត ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ (ពន្យារពេលមកធ្វើនៅឆ្នាំ២០២១) ខ្ញុំធ្វើសម្រេចក្នុងថិរវេលា ១៤.២១ លើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ។ សម្រាប់ការប្រកួតប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤នេះ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចថែរក្សាបាននូវសិទ្ធផលចាស់ ដូចគ្នានឹងថិរវេលាកាលពីនៅទីក្រុងតូក្យូ ឬអាចធ្វើឱ្យបានល្អជាងនេះ ត្រឹម ១៤.១០។
ជាមួយគ្នានេះ លោក យី សុភ័ក្រ្តា គ្រូបង្វឹក និងជានាយរងបេសកកម្មប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានអះអាងថា បើទោះបីជាកីឡាករមានពិការភាពកម្ពុជា វ៉ាន វ៉ុន ទទួលបានសិទ្ធិចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកក្តី ក៏សិទ្ធិអនុគ្រោះនេះក៏នឹងអាចឈ្នះមេដាយដូចអត្តពលិកឆ្លងកាត់វគ្គជម្រុះបានដូចគ្នា ប្រសិនបើយើងធ្វើបានល្អដល់កម្រិតមេដាយនោះ។
លោក យី សុភ័ក្ត្រា គូសបញ្ជាក់ថា សម្រាប់ការចូលរួមប្រកួតប៉ារ៉ាឡាំពិកហ្គេមនេះ គឺមិនមានការបែងចែករវាងអត្តពលិកឆ្លងកាត់វគ្គជម្រុះ ឬ អត្តពលិកទទួលបានសិទ្ធិអនុគ្រោះពីគណៈកម្មាធិការប៉ារ៉ាអន្តរជាតិនោះទេ។
បញ្ជាក់បន្ថែមពីលើនេះ នាយរងបេសកកម្មរូបនេះពន្យល់ទៀតថា រវាងកីឡាករទទួលបានសិទ្ធិអនុគ្រោះ និងកីឡាករដែលជាប់វគ្គជម្រុះ គឺមានសិទ្ធិស្មើគ្នា បើគាត់លេងបានដល់កម្រិតមេដាយមាស គឺទទួលបានមាស បើអ្នកណាលេងបានដល់កម្រិតមេដាយប្រាក់ គឺទទួលបានមេដាយប្រាក់។ ជារួម គឺកីឡាករ ម្នាក់ឱ្យតែបានចូលទៅក្នុងការប្រកួត គឺមានសិទ្ធិស្មើមុខស្មើមាត់ ដោយបេក្ខជនម្នាក់ គឺជាបេក្ខជនផ្លូវការរបស់ប្រទេសជាតិ ហើយគណៈកម្មាធិការអន្តរជាតិ នៅតែគោរពគោលការណ៍បែបនេះ។
គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិក (PARALYMPIC GAMES PARIS 2024) គ្រោងនឹងប្រារព្ធពិធីបើកជាផ្លូវការ នាថ្ងៃទី២៨ ខែកញ្ញា និងពិធីបិទ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។ ចំពោះកីឡាករកម្ពុជា វ៉ាន វ៉ុន នឹងត្រូវប្រកួតនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២:០៨ នាទី លើវិញ្ញាសាប្រណាំងរទេះជនពិការ ១០០ម៉ែត្រ៕
អត្ថបទ-រូបភាព ចាន់ វិចិត្រ មឿង ចំរ៉ុង