មេដឹកនាំក្រុមយុ​​វជនសង្គមស៊ីវិល៖ ការបញ្ឆេះកំហឹង​បែបជ្រុលនិយម​របស់ក្រុមទណ្ឌិតក្បត់ជាតិ គឺមិនគិតពីសុខទុក្ខរបស់ប្រជាពល​រដ្ឋ​និងសង្គមជាតិនោះទេ

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងថា ការបញ្ឆេះកំហឹងនយោបាយបែបជ្រុលនិយមហួសហេតុ ម្តងហើយម្តងទៀត គឺពួកគេមិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងសង្គមជាតិទេ គឺធ្វើយ៉ាងណាបំពេញមហិច្ឆតារបស់ខ្លួនតែប៉ុណ្ណោះ។ ជាក់ស្តែងដូចជាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ត្រូវបានជនជ្រុលនិយម យកមកបំផុសប្រឌិតព័ត៌មានក្លែងក្លាយ រហូតរៀបចំផែនការ ថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ កន្លងទៅនេះ! ក្នុងកម្មវិធីនយោបាយរបស់គេគឺរុញច្រានឱ្យយុវជន សកម្មជនរបស់ខ្លួន ធ្វើទង្វើខុសច្បាប់ ដោយប្រើលេសស្នេហាជាតិ ប្រជាធិបតេយ្យ ឬ ស្មារតីជាតិនិយមជាដើម។ យ៉ាងណាមិញ នយោបាយបង្កប់ធាតុខ្មៅកខ្វក់ទាំងនេះ គ្រាន់តែជាលេសនយោបាយប្រជាភិថុតិដដែលៗ តែប៉ុណ្ណោះ។ ផ្ទុយទៅវិញអ្នកដែលចូលស៊ងក្នុងកលនយោបាយទាំងនេះ គឺជាយុវជន និងប្រជាពលរដ្ឋ មួយចំនួនតូចទៅវិញ។

លោកបន្តថា យើងទាំងអស់គ្នាអាចវិភាគយ៉ាងខ្លីថា អ្នករុញច្រានស្ថានការណ៍ គឺគេកំពុងតែសោយសុខជីវិតហ៊ឺហារ ចំណែកឯអ្នកគាំទ្រ គឺកំពុងតែប្រឈមក្នុងផ្លូវច្បាប់។ ព្រោះជនភៀសខ្លួនខុសច្បាប់ក្រៅប្រទេស ពូកែខាងចាក់រុកឆ្កឹះឆ្កៀល ដូចថ្មីៗនេះ អំឡុងពេលគេរៀបចំផែនការសកម្មភាព ថ្ងៃ១៨ សីហា គេបានបំផុសបំផុល ធ្វើបាតុកម្មបង្កប់នៃហិង្សា ក៏មានមនុស្សមួយចំនួន ត្រូវបានសមត្ថកិច្ច ឃាន់ខ្លួនទាន់ពេលវេលា ប៉ុន្តែអ្នកប្រឈម គឺជាអ្នកអនុវត្តន៍សកម្មភាពទាំងនេះ។

ប្រធានក្រុមយុវជនសង្គមស៊ីវិល បានបន្តទៀតថា នយោបាយបង្កប់រូបភាពខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិ ត្រូវបានមហាជន «គូសថ្មចំណាំ» រួមទាំងមានជនរងគ្រោះបានបកអាក្រាតទណ្ឌិតក្បត់ជាតិជាបន្តបន្ទាប់។ ដូចនេះសូមប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានចូលរួមលើកកម្ពស់ស្មារតីជាតិនិយមពិតប្រាកដ កុំធ្លាក់ខ្លួនក្លាយជាឧបករណ៍នយោបាយរបស់ក្រុមជ្រុលនិយម ពិសេសយើងរួមគ្នាកម្ចាត់នយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ឱ្យអស់ចេញពីកម្ពុជា ដើម្បីបន្តចូលរួមថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងបុព្វហេតុប្រយោជន៍សង្គមជាតិ និងប្រជាជនខ្មែរ៕
ដោយ៖ពលជ័យ

ads banner