អាមេរិកសម្រេចលក់ឧទ្ធម្ភាគចក្រប្រយុទ្ធ ៣ពាន់លានដុល្លារឲ្យកូរ៉េ ចំថ្ងៃសមយុទ្ធរួមគ្នា
បរទេស៖ អំឡុងការធ្វើសមយុទ្ធយោធាទ្វេភាគីរួមគ្នា សហរដ្ឋអាមេរិកបានសម្រចលក់សម្ភារយោធា តម្លៃ៣.៥ពាន់លានដុល្លារ ដល់កូរ៉េខាងត្បូង ក្នុងនោះ រួមមាន ឧទ្ធម្ភាគចក្រប្រយុទ្ធ ប្រភេទ AH-64E Apache ចំនួន៣៦គ្រឿង ព្រមទាំង ឧបករណ៍យោធាពាក់ព័ន្ធផ្សេងៗទៀត រួមមានទាំង មីស៊ីល ផងដែរ ។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ របស់អាមេរិក ហៅកាត់ DSCA បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទថា ការលក់សម្ភារយោធានេះ ក្នុងគោលដៅពង្រឹងសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េ ទប់ទល់នឹងការគំរាមកំហែង របស់សត្រូវ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ប្រភពបានបញ្ជាក់ថា «សន្តិសុខ នៃសម្ព័ន្ធមិត្តដ៏សំខាន់ ជាការចាំបាច់ សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ច នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
ការសម្រេចលក់នេះ ត្រូវបន្តឆ្លងកាត់សភាអាមេរិក អនុម័តផ្លូវការ នាពេលខាងមុខ។ ប្រភពបញ្ជាក់ទៀតថា ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារយោធាទាំងនេះ រួមមាន Boeing និង Lockheed Martin ។
សេចក្តីប្រកាសនេះ បានធ្វើឡើង ក្រោយពេលមួយថ្ងៃ ដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា Ulchi Freedom Shield ទប់ទល់កូរ៉េខាងជើង។ សមយុទ្ធនេះ មានការចូលរួមពីមន្ត្រីយោធា រាប់ពាន់នាក់ ដោយគ្រោងនឹងដំណើរការ រហូតដល់ថ្ងៃទី ២៩ ខែសីហា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត