ប្រជាពលរដ្ឋដ៏ច្រើនត្រៀបត្រានៅតាមព្រំដែនខេត្តក្រចេះ រង់ចាំការនិមន្តមកដល់របសព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី
ក្រចេះ៖នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះអាជ្ញាធរមានសមត្ថកិច្ច មន្ត្រីសុខាភិបាលរួមទាំងប្រជាពលរដ្ឋដែល រស់នៅតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម នៃស្រុកស្នួល ខេត្តក្រចេះ យ៉ាងច្រើនកុះកររង់ចាំស្វាគមន៍ការនិមន្តមកដល់ របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ក្នុងដំណើរសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាម ខ្សែបន្ទាត់ព្រំដែន នៃខេត្តជាប់ប្រទេសវៀតណាម មួយនេះ។
ប្រជាពលរដ្ឋបានអង្គុយយ៉ាងត្រៀបត្រា ជាមួយនឹងទឹកបរិសុទ្ធ ក្រមួន ធូបទៀនផ្កា ក្នុងទឹកមុខញញឹមស្រស់ស្រាយ បើទោះបីរងនឹងកំដៅថ្ងៃខ្លះៗយ៉ាងក៏ដោយ ក៏ប្រជាពលរដ្ឋនៅតាមព្រំដែន នៅតែស្វែងរកការចង់ជួប ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ដើម្បីប្រោះព្រំសុំសេចក្តីសុខក្សេមក្សាន្តពីព្រះអង្គ ជ្រកក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបថា ដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ទៅកាន់ខេត្តចំនួនបួន គឺខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដែលចាប់ផ្តើមពីថ្ងៃទី២០ ខែសីហានិងបញ្ចប់នៅថ្ងៃទី២៤ ខែសីហាត្រឹមខេត្តស្ទឹងត្រែង ៕
ដោយ៖ឡុង សំបូរ