ប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជននូវសកម្មជនមកពីគណបក្សផ្សេងៗចំនួន ១៣៧នាក់នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន១៣៧នាក់ ដែលមកពីគណបក្សភ្លើងទៀននិងគណបក្សផ្សេងៗមួយចំនួនទៀត។
ពិធីប្រកាសបញ្ចូលសមាជិកបានប្រព្រឹត្តទៅនៅសាលាប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្តម យូ សេរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សនៅមូលដ្ឋានរាជធានី ខេត្ត និងជាបេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងឯកឧត្តម ស៊ីវ រុន អនុប្រធានគណបក្សខេត្តកំពង់ឆ្នាំង។
ឱកាសនោះឯកឧត្តម ស៊ីវ រុន បានសម្ដែងនូវមនោសញ្ចេតនារីករាយនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្តមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ចំណែកឯកឧត្តម យូ សេរីវុឌ្ឍ បេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់សមាជិកទាំងអស់គ្នាបន្តជួយផ្សព្វផ្សាយ អំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា ជាពិសេសទៅកាន់យុវវ័យទទួលបាននូវការគាំទ្រមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត៕
ដោយ៖សុខ គឹមសៀន