ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជួប លោក យូស៊ិប សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយ លោក យូស៊ិប សូយ័រ អ្នកសម្របសម្រួលរបស់ UN ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំកំពូលស្ដីពីអនាគត និងការត្រៀមលក្ខណៈចូលរួមរបស់កម្ពុជាក្នុងការចូលរួមកិច្ចប្រជុំនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក ដែលនៅក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងតំណាង UN បានពិភាក្សាអំពីដំណើរការ និងឯកសារលទ្ធផលនៃកិច្ចប្រជុំកំពូលខាងលើ ព្រមទាំងផ្លាស់ប្ដូរយោបល់ជុំវិញបញ្ហាចំបងមួយចំនួន រួមមាន ការបន្តកិច្ចសហប្រតិបត្តិការជាមួយ UN តួនាទីនិងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងពហុភាគី សំដៅពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

លោក យូស៊ិប សូយ័រ បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង UN និងរាជរដ្ឋាភិបាលកម្ពុជា និងបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរាល់សំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ តំណាង UN ក៏បានជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាទទួលបានជោគជ័យក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ខាងមុខនេះ។ (សួង ពិសិដ្ឋ)

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner