ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី បាននិមន្តទស្សនកិច្ចសិក្សាបង្គោលព្រំដែន និងសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន នៅស្រុកស្នួល ខេត្តក្រចេះ

អត្ថបទដោយ៖
ឈឹម សុផល

ក្រចេះ៖ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី កឋរសៀលថ្ងៃទី២០សីហា២០២៤ បាននិមន្តមកកាន់តំបន់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រស្រុកស្នួល ក្រោមការគារវកិច្ចពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ចាប់ពីព្រំប្រទល់ខេត្តត្បូងឃ្មុំ រហូតមកដល់ដែនដីរដ្ឋបាលខេត្តក្រចេះ និងបានអមដំណើរព្រះអង្គ និមន្តទស្សនកិច្ចសិក្សា ឈ្វេងយល់ពីផ្លូវក្រវ៉ាត់ព្រំដែន និងបង្គោលព្រំដែនកម្ពុជា នៅចំណុចច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ត្រពាំងស្រែ និងបានពិនិត្យបង្គោលព្រំដែនលេខ ៦៩ ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកស្នួល ខេត្តក្រចេះ ផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សា ឈ្វេងយល់ពីបង្គោលព្រំដែនកម្ពុជា និងជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទ ក៏ដូចប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែន នាពេលនោះ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន មានប្រសាសន៍ ទូលព្រះធម្មវនវាសី ចន្ទ មុនី ថា បង្គោលព្រំដែន និងផ្លូវក្រវាត់ព្រំដែននៅខេត្តក្រចេះ បានបោះនិងសាងសង់រួច ១០០ ភាគរយហើយ និងបងប្អូនដែលមិនទាន់បានឃើញ អាចអញ្ជើញមកមើលបាន។
ក្នុងពេលនេះដែគេសង្គេតឃើញថា មានប្រជាពលរដ្ឋដ៏ច្រើនត្រៀបត្រា ដែលមានជំនឿលើព្រះអង្គ បាននាំគ្នាទិញទៀន ធូប ផ្កា ក្រមួន ទឹកបរិសុទ្ធ និងគ្រឿងសក្ការៈបូជានានាជាច្រើនទៀត មកអង្គុយរង់ចាំទទួលព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី នៅតាមផ្លូវប្រវាត់ព្រំដែន និងនៅច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ត្រពាំងស្រែ ដើម្បីសុំពរជ័យ សិរីមង្គល វិបុលសុខពីព្រះអង្គ។
នៅក្នុងឱកាសនោះ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ក៏បានសម្តែងព្រះធម៌ទេសនា ផ្តល់ឱវាទដល់ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅតំបន់ព្រំដែននោះ ផងដែរ ។ រីឯព្រះសង្ឃ និងប្រជាពលរដ្ឋ ក៏បានបង្ហាញពីអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង ខណៈព្រះអង្គចន្ទ មុនី បាននិមន្តមកទស្សនកិច្ចនៅតាមបន្ទាត់ព្រំដែន នៃស្រុកស្នួល នាពេលនេះ។

សូមជម្រាបថា បើយោងតាមកម្មវិធីគ្រោងទុកក្នុងដំណើរនិមន្តទស្សនកិច្ចសិក្សា ឈ្វេងយល់ពីបន្ទាត់ព្រំដែន បង្គោលព្រំដែន និងជួបប្រជាពុទ្ធបរិស័ទ នៅតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី នឹងនិមន្តទៅកាន់ខេត្ត ចំនួនបួនរបស់កម្ពុជា ក្នុងនោះមាន ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាខេត្ត ស្ថិតក្នុងភាគឦសានកម្ពុជា ហើយនៅព្រឹកថ្ងៃទី២១សីហានេះ ព្រះអង្គបានបន្តនិមន្តទៅកាន់ខេត្តមណ្ឌល់គិរី ដើម្បីបំពេញទស្សនកិច្ចសិក្សា និងឈ្វេងយល់ពីតំបន់ព្រំដែន និងបង្គោលព្រំដែននៅខេត្តដាច់ស្រយាលនោះ៕
ដោយ:ឡូង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner