ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ គោលនយោបាយ​ដីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែចែកដី និងផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ប៉ុណ្ណោះ តែជាការលើកកម្ពស់​ខឿនសេដ្ឋកិច្ចរបស់កម្ពុជា

បាត់ដំបង ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា គោលនយោបាយដីសម្បទានសង្គមកិច្ច គឺជាគោលនយោបាយដ៏ត្រឹម​ត្រូវបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែចែកដី និងផ្តល់ បណ្ណកម្មសិទ្ធស្របច្បាប់ប៉ុណ្ណោះ តែជាការលើកកម្ពស់ខឿន​សេដ្ឋកិច្ច​របស់កម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះ​ក្នុងឱកាសអញ្ជើញ​ជា​អធិបតីពិធីប្រកាសតំបន់វិនិច្ឆ័យសម្រាប់ស​ម្បទានដីសង្គមកិច្ច​ថ្នាក់​មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED |||) នៅឃុំព្រះផុស និងឃុំ​ឃ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា គោលនយោបាយ​របស់រាជរដ្ឋាភិបាល មិនមែនត្រឹមតែដើម្បីចែកដីប៉ុណ្ណោះទេ ប៉ុន្តែ​ដើម្បីកែប្រែជីវិតរបស់បងប្អូនឱ្យកាន់តែមានភាពស្រស់បំព្រង លើកស្ទួយជីវភាពពួកគាត់តាមរយៈការគិតគូរលើការរៀបចំដី រៀបចំជាសហគមន៍ដើម្បីដាំដំណាំ ចិញ្ចឹមសត្វ និងគិតគូរលើការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឱ្យបងប្អូនមានជីវភាពល្អប្រសើរ ។ រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិទី១ ដល់អាណត្តិទី៧ បានប្ដេជ្ញា​ចិត្តខ្ពស់ដើម្បីបន្តអនុវត្តគោលនយោបាយដី​សម្បទាន​សង្គមកិច្ច ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីអនុវត្តគោលនយោបាយនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ផលប្រយោជន៍​ជូនដល់ប្រជាពលរដ្ឋ​កម្ពុជា ដែលជាអ្នកទទួលបានផលដំបូងគេពីគោលនយោបាយនេះ ហើយអ្នកទទួលផលប្រយោជន៍ជាបន្តបន្ទាប់​គឺអាជ្ញាធរដែនដី ពីព្រោះគម្រោងនេះជួយធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែប្រសើរឡើង ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែម​ទៀតថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED |||) មិនត្រឹមតែគូសវាស់ក្នុងការផ្តល់ដី​ជូនប្រជាពលរដ្ឋនោះទេ តែត្រូវយកចិត្តទុកដាក់​រួមសហការគ្នា​ក្នុងការកែល្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានការរីកចម្រើន និងជួយដល់ប្រជាពលរដ្ឋ​រស់នៅក្នុងសហគមន៍ ។ ពិសេសជាងនេះទៅទៀតនោះ គឺការរៀបចំបង្កើតសាលារៀនបន្ថែម ដើម្បីជាថ្នាលបណ្តុះបណ្តាល​នូវ​ចំណេះដឹងសម្រាប់កុមារ ផ្តល់ជាគំនិតច្នៃប្រឌិតផ្សេងៗដល់ប្រជា​ពលរដ្ឋលើកកម្ពស់ជីវភាពគ្រួសារ ដើម្បីឱ្យអភិវឌ្ឍក្នុងសហគមន៍​ទាំងមូល ។

សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) គឺជាគម្រោងរបស់​រាជរដ្ឋាភិបាល ដែលបន្តគាំទ្រសម្បទានដីសង្គមកិច្ចបន្ទាប់ពីគម្រោង (LASED) ដំណាក់កាលទី១ និងទី២ នៅថ្នាក់ឃុំ ជូនគ្រួសារ​ក្រីក្រដែលគ្មានដីសម្រាប់សង់ទីលំនៅ និងបង្កបង្កើនផល ព្រមទាំងជួយគាំទ្រផងដែរដល់សហគមន៍ជនជាតិដើមភាគតិច ។ គម្រោង​នេះអនុវត្តដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ស្ថាប័នដឹកនាំការអនុវត្ត) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ស្ថាប័នអនុវត្ត) ក្រោមថវិកាហិរញ្ញប្បទាន ឥណទានធនាគារពិភពលោករយៈពេល៦ឆ្នាំ(២០២០-២០២៦)និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវការទទួលបានសុវត្ថិភាពនៃការកាន់កាប់ដី សេវាកសិកម្ម និងសង្គម និងហេដ្ឋារចនាសម្ព័ន ដែលត្រូវបានជ្រើសរើស សម្រាប់កសិករ និងសហគមន៍ដែលស្ថិតនៅក្នុងទីតាំងគម្រោង ៕


ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner