ក្រសួងការងារទទួលបានអ្នកចូលរួមទស្សនាសរុបចំនួនជាង ៣ពាន់នាក់ ក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះបានលើកឡើងថា  ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤ ចំនួន៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២៤ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធីកន្លងទៅ ក្រសួងការងារទទួលបានអ្នកចូលរួមទស្សនាសរុបចំនួន ៣ ៤២៤ នាក់ (ស្រី ១៨៧៤នាក់)។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពឆ្នាំនេះ មានក្រុមហ៊ុនចូលរួមសរុប ចំនួន ២០ក្រុមហ៊ុន មានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៥ ១៣០កន្លែងផងដែរ។ អ្វីដែលជាការកត់សម្គាល់ នៅក្នុងកម្មវិធីរយៈពេលបីថ្ងៃនេះ ក្រុមហ៊ុន សហគ្រាសដែលចូលរួមទទួលបាន CV ចំនួន ៣៥៨ ពីបេក្ខជន ហើយបេក្ខជនទទួលបានឱកាសការងារភ្លាមៗនាថ្ងៃនោះតែម្តង ក្នុងការសម្ភាសផ្ទាល់ជាមួយនិយោជកមានចំនួន សរុប ១៩នាក់ និងបេក្ខជនជាច្រើនទៀតនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននាពេលក្រោយទៀត។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្រៅពីការចុះផ្សាព្វផ្សាយតាមសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងផ្សារទំនើបហើយនោះ ក្រសួងក៏បានបង្កើតជាមជ្ឈមណ្ឌលការងារនៅក្នុងទីតាំងផ្សារទំនើបអ៊ីអនទាំង៣ សាខា។ ជាក់ស្តែងការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលការងារនៅផ្សារទំនើបអ៊ីអន សែនសុខ ជាន់ទី២។ NEA ក៏គ្រោងនឹងបង្កើតបន្ថែមនៅផ្សារទំនើបផ្សេងៗទៀតដូចជា ផ្សារជីបម៉ុង និង K-Mall ជាដើម។ ជាមួយនេះដែរ ក្រសួងក៏បានសហការជាមួយ ស.ស.យ.ក. ក្នុងការរៀបចំជា Career Corner(ការិយាយល័យអាជីព និងការងារ) នៅសាខា ស.ស.យ.ក. ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ នាពេលបច្ចុប្បន្ននេះ លែងសូវបារម្ភរឿងរកការងារទៀតហើយ ដោយសារយើងមាន NEA ដែលកំពុងបម្រើសេវាយ៉ាងសកម្ម ដើម្បីជួយដល់យុវជនក្នុងការស្វែងរកការងារកាន់តែឆាប់រហ័ស និងងាយស្រួលតាមរយៈការបង្កើតមជ្ឈមណ្ឌលការងារនៅតាមផ្សារទំនើបធំៗនេះ។ លើសពីនេះ យុវជន និងសាធារណជន ក៏អាចចុះឈ្មោះស្វែងរកការងារតាមប្រព័ន្ធឌីជីថលផងដែរដោយចូលទៅកាន់វេបសាយ www.nea.gov.kh ឬតាមរយៈកម្មវិធីទូរស័ព្ទដៃដែលអាចដោនឡូតតាម App Store និង Google Play Store ដែលមានឈ្មោះថា NEA Job Search បានដោយងាយស្រួលផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ 016 786655 ឬ តេលេក្រាម ឬ Coolapp លេខ 077 232378 ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner