រដ្ឋាភិបាល សហរដ្ឋអាមេរិក បន្តចូលរួមគាំទ្រ និងរួមចំណែកលើកកម្ពស់សុខភាពមាតា កុមារ និងទារក ប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយសហប្រតិបត្តិការបច្ចេកទេសដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ The United States Agency for International Development (USAID) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ Center for Disease Control and Prevention (US-CDC) ដែលបានសហការចូលរួមគាំទ្រក្រសួង សុខាភិបាល និងរួមចំណែកលើកកំពស់សុខភាពមាតា កុមារ និងទារក សុខុមាលភាពប្រជាជនកម្ពុជា និងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធថែទាំសុខភាព នៅប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរាត្បាតដោយជំងឺកូវីដ-១៩។
ក្នុងជំនួបនៅរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន លើកឡើងអំពីការខិតខំរវាងសុខាភិបាលនៃប្រទេសទាំងពីរលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ការពង្រឹងសមត្ថភាពលើការទប់ស្កាត់ ស្វែងរក និងឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈពិភពលោក និងបានស្នើជំនួយគាំទ្រពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្របន្ថែមទៀតសម្រាប់កម្ពុជា នៅតាមមន្ទីរពេទ្យរាជធានី ខេត្ត និងផ្នែកសង្គ្រោះបន្ទាន់ ដែលនេះជាផែនការអាទិភាពសុខាភិបាល ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល ទូទាំងប្រទេស។
ឯកឧត្តមវេជ្ជបណ្ឌិត Brad Wenstrup សភាតំណាងរាស្រ្តនៃរដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិកបានសម្តែងភាពរីករាយចំពោះសមិទ្ធផលដែលបានកើតឡើងក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋ អាមេរិក។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ