ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការងារចុះបញ្ជីដីធ្លី ផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ គឺជាសមរភូមិទី១របស់ក្រសួងដែនដី ដែលត្រូវតែធ្វើឲ្យបានសម្រេច
ប៉ៃលិន៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ការងារចុះបញ្ជីដីធ្លី ផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺជាសមរភូមិទី១របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវតែធ្វើឲ្យបានសម្រេច ដែលនេះគឺជាគោលនយោបាយអាទិភាព ក្នុងចំណោមការងារជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អណត្តិទី៧ នីតិកាលទី១នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជំរុញការងារចុះបញ្ជីដីធ្លីភូមិសាស្រ្តខេត្តប៉ៃលិន នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តប៉ៃលិន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា កិច្ចការរៀបចំដែនដីនិងការងារចុះបញ្ជីដីធ្លី គឺទាមទារឱ្យមានការឯកភាពចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសេវាគាប់ចិត្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិត ។ រយៈពេលមួយឆ្នាំដើមអណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោះស្រាយបាននូវបញ្ហាចម្រូងចម្រាសក្នុងសង្គមនាពេលបច្ចុប្បន្ន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានគូសបញ្ជាក់ផងដែថា អាជ្ញាធរខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវគិតគូរធ្វើយ៉ាងណាយកចិត្តទុកដាក់ទៅលើគុណភាព និងរចនាបទសំណង់ នៅក្នុងខេត្តទាំងមូលឱ្យមានភាពច្នៃប្រឌិត មានភាពល្អប្លែក ដោយពិនិត្យមើលជាក់ស្តែង ដោយផ្អែកលើខឿនសេដ្ឋកិច្ចរបស់ខេត្ត ជាទីចាប់អារម្មណ៍ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការប្រើប្រាស់បានយូរអង្វែង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យសាកសមជាខេត្តប៉ូលសេដ្ឋកិច្ចមួយភាគឥសានរបស់កម្ពុជា ។ ចំណែកការងារនគរូបនីយកម្ម ក៏ត្រូវគិតគូរបន្ថែម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត មានកន្លែងសម្រាប់ហាត់ប្រាណ លំហែកាយ ដើម្បីរក្សាសុខភាពសាធារណៈ និងភាពស្រស់ស្រាយរបស់ប្រជាពលរដ្ឋគ្រប់រូបមានសុខភាពល្អ ហើយទាំងនេះក៏មិនអាចខ្វះបានឡើយ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលយើងនិងប្រជាពលរដ្ឋមានកាតព្វកិច្ចទាំងអស់ចូលរួមថែរក្សា និងការពារ ។
តាមរបាយការណ៍របស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអោយដឹងថា គិតចាប់ពីការអនុវត្តរហូតដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីនៅខេត្តប៉ៃលិនទទួលបានលទ្ធផលដូចជា បានវាស់វែងដីធ្លីចំនួន៤១២២៩ក្បាលដី ប្រមូលទិន្នន័យបាន ៣៦៦៦៤ ក្បាលដី គូសក្បាលដីបាន ៤១២២៩ ក្បាលដី បិទផ្សាយបញ្ចប់បាន២០៣៤៨ ក្បាលដី ចេញប័ណ្ណបាន ១៤៦៥៥ ក្បាលដី និងចែកបណ្ណបាន ១១៦៥៥ ក្បាលដី។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ៕
ដោយ / គ្រី សម្បត្តិ