ផ្ទុះភ្នំភ្លើងលុបជើងហោះហើរ នៅនូវែលសេឡង់
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ភ្នំភ្លើង វាយ អាយឡែន (White Island) នៅក្នុងប្រទេស នូវែល សេឡង់ បានព្រួសផេះ រារាំងការហោះហើរយន្តហោះ ក្នុងប្រទេស នូវែល សេឡង់
ដោយអ្នកវិទ្យាសាស្ត្រព្រមានថា អាចបន្តមានស្ថានភាពបែបនេះ ចន្លោះពី ១សប្តាហ៍ ទៅ១ខែ ខាងមុខទៀត។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ នូវែល សេឡង់ បាននិយាយថា ជើងហោះហើរ ចំនួន១០លើក ត្រូវបានលុបចោល ខណៈដែលផេះភ្នំភ្លើងបានរសាត់ នៅតាមផ្លូវហោះហើរ លើអាកាសយានដ្ឋាន ក្នុងស្រុកមួយចំនួន។
វិទ្យាស្ថានស្រាវជ្រាវជាតិ GNS បាននិយាយ បើតាមព្រឹត្តិបត្រ ត្រួតពិនិត្យរូបភាពផ្កាយរណប បានបង្ហាញពី «សកម្មភាពផ្ទុះតិចតួច» ដែលបានចាប់ផ្តើមមាន តាំងពីដើមខែ មកម្ល៉េះ។
អ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សមួយចំនួន នៅលើកោះក្បែរៗនោះ អាចធុំក្លិនឧស្ម័ន ពីភ្នំភ្លើង ឬ មានការរលាកស្រាលចំពោះភ្នែក ឬ បំពង់ករបស់ពួកគេ ទោះបីជាផលប៉ះពាល់ នឹងមានតិចតួច ក៏ដោយ។
កាលពីឆ្នាំ២០១៩ ភ្នំភ្លើង វាយ អាយឡែន (White Island) ធ្លាប់បានផ្ទុះ សម្លាប់មនុស្ស ចំនួន២២នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត