ទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាចនឹងក្លាយជាម្ចាស់ផ្ទះការប្រកួតពិភពលោក ប្រសិនបើប្រជែងទទួលបានលទ្ធផលល្អពីការប្រកួតវគ្គជម្រះក្នុងតំបន់អាស៊ាន
(ភ្នំពេញ)៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានថ្លែងគូបញ្ជាក់ថា កម្ពុជាអាចនឹងក្លាយជាម្ចាស់ផ្ទះ ការប្រកួតកីឡាទូក World Championships នៅពេលខាងមុខ ប្រសិនបើប្រជែងទទួលបានលទ្ធផលល្អពីការប្រកួតវគ្គជម្រុះការ ប្រកួតពិភពលោកនៅក្នុងតំបន់អាស៊ាន។
ការលើកឡើងរបស់ ឯកឧត្តម ស សុខា នៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីអំពីវ ឌ្ឍនការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នាព្រឹកថ្ងៃទី២២ ខែ សីហា នៅទីស្តីការ ក្រសួងមហាផ្ទៃ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងទៀតថា សម្រាប់ការប្រកួតនៅអន្តរជាតិ ពិសេស គឺការប្រកួតវគ្គជម្រុះកម្រិតពិភពលោក នៅតាមបណ្តាលប្រទេសអាស៊ាន ប្រសិនបើអត្តពលិកទូកកម្ពុជាយើងមានលទ្ធភាពប្រជែងបានចំណាត់ចាប់ពីចំណាត់ថ្នាក់លេខ៣ទៅដល់លេខ១ នាំយកមកជូនជាតិ. កម្ពុជាក៏មានគម្រោង នឹងស្នើសុំធ្វើជាម្ចាស់ផ្ទះ World Championships ដូចបណ្តាប្រទេសទាំងអស់នោះដែរ។ដូច្នោះហើយ កម្ពុជាក៏ត្រូវការនូវធានធានចៅក្រមអាជ្ញាកណ្តាលនិងមន្រ្តីបច្ចេកទេសដែលមានជំនាញស្តង់ដារ ដើម្បីទទួលរៀបចំព្រឹត្តិការណ៍ប្រកួតនេះផងដែរ។
ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ប្រធានសហព័ន្ធ ក៏ជំរុញឱ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធយកចិត្តទុកដាក់ខ្ពស់លើផែនការបណ្តុះបណ្តាលកីឡាករកីឡាការិនី ដោយអនុវត្តទៅតាមបែបវិទ្យាសាស្រ្តកីឡា ក្នុងការជំរុញសមត្ថភាពកីឡាករកីឡាការិនីឈានទៅរកសក្កានុពលប្រជែងដណ្តើមមេដាយពីការប្រកួតកម្រិតអន្តរជាតិ។ ជាមួយគ្នានោះ ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្ត ឱ្យបណ្តាខេត្តដែលមានទន្លេ ត្រូវយកចិត្តទុកដាក់បង្កើតក្រុមកីឡាទូកឱ្យមានគ្រប់វិញ្ញាសា និងហ្វឹកហាត់ឱ្យមានសក្កានុពល ចូលរួមការប្រកួតគ្រប់ព្រឹត្តិការណ៍ដែលរៀបចំដោយសហព័ន្ធ ដើម្បីជាជម្រើសដ៏ល្អសម្រាប់ការចំរាញ់ជ្រើសរើសបានកីឡាករកីឡាការិនីមានសក្កានុពលចូលរួមនៅក្នុងក្រុមជម្រើសជាតិ ។
ឯកឧត្តម អភិ បានជំរុញឱ្យតាមបណ្តាខេត្តទាំងអស់ត្រៀមកីឡាករកីឡាការិនីត្រៀមចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្តម បានស្នើដល់អភិបាលខេត្តស្វាយរៀង ជួយពន្លឿន ការរៀបចំទីតាំងដីសម្រាប់មជ្ឈមណ្ឌលកីឡាលើកទឹក ដើម្បីសហព័ន្ធបានសាងសងអាគារជូនកីឡាករកីឡាការិនីគ្រូបង្វឹកសម្រាប់ស្នាក់នៅនិងហ្វឹកហាត់។ នាឱ្យកាសនោះដែរ
ឯកឧត្តម អភិ បានស្នើដល់គណៈកម្មាធិការប្រតិបត្តិ ត្រូវរួបរួមគ្នានៅក្នុងការអភិវឌ្ឍ ដើម្បីជំរុញឱ្យកីឡាមួយនេះ មានសក្កានុពលដណ្តើមបានមេដាយពីការប្រកួតអន្តរជាតិ ព្រោះការចូលរួមរបស់កម្ពុជាមិនជាការចូលរួមកំដរឆាកឡើយ។ ពិសេស ត្រូវគិតលើការជ្រើសរើសយុវជនថ្នាល់នៅក្នុងការបំពាក់បំប៉នត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ក្នុងនាមជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម បានថ្លែងអំណរគុណដល់សមាជិកសមាជិកា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រនិងរួបរួមគ្នា ធ្វើឱ្យផែនការឆមាសទី១ សម្រេចបានលទ្ធផលល្អ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ