ប្រកួតបេស្បលហ្វាយលីគលើកទី១ បានបើកដំណើរការប្រកួតជាផ្លូវការហើយ
(ភ្នំពេញ)៖ ការប្រកួតកីឡាបេស្បលលិគលើកទី១ នៅកម្ពុជា ដែលរៀបចំដោយ សហព័ន្ធកីឡាបេស្បល និងសុហ្វបលកម្ពុជា បានដំណើរការប្រកួតផ្លូវការ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក ឆែម ដារា ប្រធានសហព័ន្ធកីឡាបេស្បសល-សហ្វបលកម្ពុជាលើកឡើងថា ការចាប់ផ្តើមប្រភេទកីឡាថ្មី បេស្បបលហ្វាយ ដែលមានលាយបញ្ចូលសមាសភាពទាំងកីឡាករកីឡាការិនីនេះ ចូលរួមប្រកួតក្នុងក្រុមនីមួយៗនេះ គឺមានការលំបាក ប៉ុន្តែការលំបាកនេះមិនមែនជាឧបសគ្គធំសម្រាប់ដំណើរការអភិវឌ្ឍកីឡាជំនាញមួយនេះ។
ជាមួយគ្នានេះ លោក ឆែម ដារា ក៏បានបង្ហាញការដឹងគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្តល់ការគាំទ្រយ៉ាងធំធេងទាំងស្មារតី កញ្ចប់ថវិកាដល់ប្រភេទកីឡានេះឱ្យមានសកម្មភាពផុសផុលឡើងជាលំដាប់។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនឧបត្ថម្ភ ដែលជាដៃគូអភិវឌ្ឍនានា ដែលជួយជ្រោមជ្រែងដល់ការរៀបចំលីគជាលើកដំបូងនេះ។
ដោយឡែក ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចា្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមតិយោបល់របស់មន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាបេស្បល សហ្វបលអាស៊ី និងបណ្តាដៃគូឧបត្ថម្ភទាំងអស់ ក្នុងការចូលរួមលើកកម្ពស់ដល់ការអភិវឌ្ឍវិស័យកីឡាបេស្បបល-សហ្វបលកម្ពុជាឱ្យមានការរីកចម្រើនតទៅមុខ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីចូលរួមទាំងអស់ត្រូវបន្តការខិតខំប្រកួត និងហ្វឹកហាត់ឱ្យបានល្អប្រសើរ ដើម្បីដុះខាត់សមត្ថភាពក្នុងជំនាញកីឡាឱ្យមានសក្តានុពល។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ទ្រព្យសម្បត្តិធំជាងគេ គឺសុខភាព ហើយសុខភាព ដែលទទួលបានពីការលេងកីឡា គឺជាសុខភាពដែលបរិសុទ្ធ មានមូលដ្ឋានគ្រឹះរឹងមាំល្អ ដែលជាការទ្រទ្រង់គុណភាពជីវិតម្នាក់ៗឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីចាត់ទុកថា ការចូលរួមលេងវិញ្ញាសាបេស្បលហ្វាយនេះ គឺជាសកម្មភាពមួយក្នុងជីវិតរបស់ខ្លួនជាមុនសិន ហើយត្រូវបន្តការស្រឡាញ់ និងអនុវត្តវាឱ្យជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍជំនាញកីឡាមួយនេះឱ្យកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា ការប្រកួតបេស្បលហ្វាយលិគលើកទី១នៅកម្ពុជា ដំណើរការប្រកួតរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៤ នៅវិមានកីឡានៃពហុកីឡដ្ឋានជាតិ ៕
រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ