សម្ដេចនាយករដ្ឋមន្ត្រីប្រគល់ភារកិច្ចទៅរដ្ឋមន្ត្រីដែនដី ឱ្យដឹកនាំដោះស្រាយបញ្ចប់បញ្ហារវាងអាជ្ញាធរអប្សរា និងប្រជាពលរដ្ឋរស់នៅតំបន់អង្គរ
ភ្នំពេញ៖ នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផលរយៈពេល១ឆ្នាំ របស់រដ្ឋាភិបាល នីតិកាលទី៧កាលពីរាត្រីថ្ងៃទី២២ សីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាកន្លងមក ដែលមានរវាងប្រជាពលរដ្ឋ និងអាជ្ញាធរការពាររមណីយដ្ឋាន និងការគ្រប់គ្រងតំបន់អង្គរ គឺអាជ្ញាធរជាតិអប្សរា ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរថា សម្ដេច បានប្រគល់ការងារជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដឹកនាំពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ សំដៅបន្តស្វែងរកដំណោះស្រាយបញ្ហាសេសសល់ ដែលអាចរក្សាតុល្យភាព រវាងការថែរក្សា និងអភិរក្សនូវសម្បត្តិ បេតិកភណ្ឌដូនតាយើង ជាមួយនឹងវឌ្ឍនភាព នៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឈានទៅរកការលុបបំបាត់នៃបញ្ហ និងទំនាស់នានា ដែលកើតមានឡើងជារឿយៗរវាងប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាតព្វកិច្ចការពារ កេរដំណែលដូនតា ត្រូវតែការពារ ប៉ុន្តែការយកចិត្តទុកដាក់ ទៅលើការវិវត្តប្រែប្រួលនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់នោះ ក៏ត្រូវតែគិតគូផងដែរ ដោយធ្វើយ៉ាងណា រកវិធីពន្លត់ភ្លើង កុំឱ្យត្រឹមតែបក់ផ្សែង ។ មានន័យថា ពិនិត្យមើលឬសគល់នៃបញ្ហា ពិនិត្យមើលការកំណត់ នៃតំបន់ដែលត្រូវការពារ និយមន័យ ក៏ដូចជា លក្ខខណ្ឌមួយចំនួន ដើម្បីធ្វើយ៉ាងណា យើងអាចសម្រេចបាន នូវតុល្យភាព នៃការការពារតំបន់បេតិកភណ្ឌរបស់យើង ជាមួយនឹងតម្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋយើង ៕
ដោយ៖វណ្ណលុក