សម្ដេចធិបតី ណែនាំទៅគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រួលឱ្យអតិថិជនអាចរៀបចំឥណទានឡើងវិញបានចំនួន ពីរដង
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុនសាសន៍ទៅធនាគារជាតិ នៃកម្ពុជាឱ្យរៀបចំនីតិវិធីជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីសម្រួលឱ្យអតិថិជន អាចស្នើសុំរៀបចំឥណទានឡើងវិញ (Refinancing) បានចំនួនពីរដង ដោយមិនជាប់ប្រវត្តិមិនល្អ ក្នុងប្រព័ន្ធការិយាល័យឥណទាន(CBC)។
អាន៖ នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផលរយៈពេល១ឆ្នាំ របស់រដ្ឋាភិបាល នីតិកាលទី៧ នារាត្រីថ្ងៃទី២២ សីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ធនាគារជាតិ នៃកម្ពុជាបានពិភាក្សាជាមួយធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រជួយសម្រាលបន្ទុករបស់អាជីវករ សហគ្រាស ប្រជាពលរដ្ឋ និងបង្កើនលំហូរសាច់ប្រាក់ចូលទៅក្នុងទីផ្សារ ។
ជាលទ្ធផល ក្នុងទិសដៅធានាបាននូវសាច់ប្រាក់គ្រប់គ្រាន់ រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា បានបន្ធូរបន្ថយ នូវលក្ខខណ្ឌមួយចំនួន ដែលអាចបង្កើនលទ្ធភាព ឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់ ចូលក្នុងសេដ្ឋកិច្ច អាចបានជាង២៣០០លានដុល្លារបន្ថែមទៀត ។
សម្តេចធបិតីបន្តថា កាលពីវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ធនាគារជាតិ បានកាត់បន្ថយប្រាក់បម្រុងកាតព្វកិច្ច ជារូបិយបណ្ណរបស់គ្រឹះស្ថានធនាគារ ពី៩ភាគរយ មក៧ភាគរយ រហូតដល់ដំណាច់ឆ្នាំ២០២៤ ជាលទ្ធផល ធនាគារ មានទឹកប្រាក់បន្ថែមប្រមាណជាងមួយពាន់លានដុល្លារដែរ សម្រាប់ចាក់ចូលទៅក្នុងសេដ្ឋកិច្ច។ ធនាគារជាតិ បានសម្រេចអនុញ្ញាតឱ្យបន្តគោលការណ៍នេះរហូតដល់ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ធនាគារជាតិ ក៏បានឯកភាព ពីនេះទៅមុខ ទី១. បន្ធូរបន្ថយបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការចាត់តាំងថ្នាក់ហានិភ័យ ឥណទានបច្ចុប្បន្ន របស់ធនាគារជាតិ ដោយអនុញ្ញាតឲ្យធនាគារ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ រៀបចំឥណទានស្តង់ដារឡើងវិញ ឥណទាន មានប្រវត្តិសងត្រលប់ទៀងទាត់ជូនអតិថិជន បានចំនួន ២លើក ដោយមិនចាំបាច់ ធ្វើចំណាត់ថ្នាក់មកជាឥណទានមិនល្អ រហូតដល់ដំណាច់ឆ្នាំ២០២៥ ។ ដូច្នេះ អតិថិជន មានប្រវត្តិសងត្រឡប់ទៅវិញទៀងទាត់ បន្ទាប់ពីស្នើរៀបចំ ឥណទានឡើងវិញ គឺមិនចាំបាច់ធ្វើចំណាត់ថ្នាក់ឥណទាន របស់ពួកគេ ជាចំណាត់ថ្នាក់មិនល្អឡើយ ។
សម្ដេចបានសូមឱ្យធនាគារជាតិកម្ពុជា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រៀបចំនីតិវិធីនេះ ឱ្យបានលឿន ដើម្បីសម្រួល ដល់អតិថិជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានរៀបចំ ឥណទានឡើងវិញ ដោយរលូន និងទាន់ពេលវេលា ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិធានការនេះ គឺដើម្បីជួយឱ្យពលរដ្ឋដែលជាប់បំណុល មានលទ្ធភាព នៅសល់សាច់ប្រាក់ក្នុងដៃ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរៀបចំឥណទានឡើងវិញ។ យន្តការនេះ អាចចាប់ផ្ដើម ពីត្រីមាសទី៤ នៃឆ្នាំ២០២៤ ដល់ដំណាច់ឆ្នាំ២០២៥ ៕
ដោយ៖វណ្ណលុក