រាជរដ្ឋាភិបាលបង្កើតកម្មវិធីផ្ដល់ដី ការពារព្រៃ ជូនពលរដ្ឋខ្វះដីពិតប្រាកដ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព
ភ្នំពេញ៖ នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេស ស្ដីពី «សមិទ្ធផលរយៈពេល១ឆ្នាំ របស់រដ្ឋាភិបាល នីតិកាលទី៧កាលពីរាត្រីថ្ងៃទី២២ សីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីផ្តល់ដី ការពារព្រៃ ដល់ប្រជាពលរដ្ឋ ដែលមិនមានដីពិតប្រាកដ នាពេលឆាប់ៗខាងមុខនេះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយ ដែលមានឈ្មោះ ថា «កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នា អភិវឌ្ឍន៍ដោយចីរភាព»។ គោលដៅនៃកម្មវិធីនេះ គឺដើម្បីដោះស្រាយនូវតម្រូវការប្រជាពលរដ្ឋ ដែលខ្វះខាតដីពិតប្រាកដ និងផ្តល់ឱកាសឱ្យពួកគេ បានចូលរួមការពារដីរដ្ឋ និងព្រៃឈើ។ សម្តេច សង្ឃឹមថា កម្មវិធីនេះ នឹងអាចចាប់ផ្តើមអនុវត្តបាន នៅដំណាច់ឆ្នាំ២០២៤នេះ ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ថា គោលគំនិតសង្ខេបនៃកម្មវិធីនេះ គឺយើងរៀបចំផ្តល់ដីសម្បទាន ក្នុងក្របខណ្ឌដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ ហើយនឹងជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងជូនពួកគាត់ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ ហើយត្រឡប់មកវិញ ប្រជាពលរដ្ឋទាំងនោះ នឹងជួយរាជរដ្ឋាភិបាល នៅក្នុងការការពារ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់ នៅជុំវិញកន្លែងដែលពួកគាត់រស់នៅ ។
ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដោយសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីនេះ នឹងផ្តោតឆ្ពោះទៅតំបន់ភាគឦសាននិងតំបន់មួយចំនួនទៀត ដែលមានការជាបាច់ ក្នុងការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន ដើម្បីបង្កើនប្រសិទ្ធភាព និងសម្ទុះ ។សម្ដេចធិបតីបន្តថា នៅក្នុងការងារយន្តការថ្នាក់ជាតិ ដែលនាយករដ្ឋមន្ត្រី គឺជាប្រធាន និងយន្តការថ្នាក់លេខាធិការដ្ឋាន នឹងត្រូវបង្កើតឡើង ដើម្បីធានាភាពត្រឹមត្រូវ និងសុក្រឹតភាព នៃកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីនេះ ៕
ដោយ៖វណ្ណលុក