ដុំពេជ្រធំជាងគេទី២ លើពិភពលោកបង្ហាញខ្លួននៅបុតស្វាណា

ហ្គាបូរ៉ូន ៖ ដុំពេជ្រធំជាងគេទី២ នៅលើពិភពលោក មានទំហំ ២,៤៩២ការ៉ាត់ រកឃើញនៅក្នុងទឹកដីប្រទេសបុតស្វាណា នៅឯទីតាំងអណ្តូងរ៉ែពេជ្រមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Lucara Diamond នៃប្រទេសកាណាដា។

នេះគឺជាការរកឃើញដុំពេជ្រធំបំផុតមិនធ្លាប់មាន ចាប់តាំងពីដុំពេជ្រ Cullinan មានទំហំ ៣,១០៦ការ៉ាត់ មានតម្លៃប្រហែល ៤០០លានដុល្លារអាមេរិក ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ ១៩០៥ ហើយក្រោយមកត្រូវបានគេយកទៅច្នៃ និងបំពាក់នៅលើម្កុដ Crown Jewels របស់ចក្រភពអង់គ្លេស។

ដុំពេជ្រនេះ ត្រូវបានកម្មកររ៉ែរកឃើញនៅទីតាំងអណ្តូងរ៉ែពេជ្រ Karowe មានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានី ហ្គាបូរ៉ូន របស់ប្រទេសបុតស្វាណា។

អណ្តូងរ៉ែពេជ្រនេះ បានចាប់ផ្តើមបើកដំណើរការក្នុងឆ្នាំ២០១២ ដោយលក់ពេជ្របានចំនួន ២១៦គ្រាប់ ហើយក្នុងមួយគ្រាប់ៗមានតម្លៃជាង ១លានដុល្លារអាមេរិក និងពេជ្រប្រហែលជា ១១គ្រាប់ផ្សេងទៀតអាចលក់ក្នុងមួយគ្រាប់ៗបានជាង ១០លានដុល្លារអាមេរិក។

យោងតាមកាសែត Financial Times ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍ថា ប្រភពសុំមិនបញ្ចេញឈ្មោះ ដែលជិតស្និទ្ធនឹងក្រុមហ៊ុន Lucara បានប៉ាន់ស្មានថា ដុំពេជ្រនេះទំនងជាមានតម្លៃដល់ទៅ ៤០លានដុល្លារអាមេរិក។

បន្ទាប់ពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ ១៩៦៦ បុតស្វាណគឺជាប្រទេសផលិតពេជ្រដ៏ធំបំផុតមួយរបស់ពិភពលោក ហើយត្បូងពេជ្រជាប្រភពចំណូលចម្បងរបស់ខ្លួន ដែលស្មើនឹង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) និង ៨០ភាគរយនៃការនាំចេញរបស់ប្រទេសបុតស្វាណា នេះបើយោងតាមតួលេខរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner