ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ ការងារប្រយុទ្ធនឹង ជំងឺអេដស៍ គឺពឹងផ្អែកលើវិស័យសុខាភិបាល ប៉ុន្តែអាជ្ញាធរ អាចធ្វើការងារជាពហុវិស័យ

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានអះអាងថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ ចំណែកធំ គឺពឹងផ្អែកលើវិស័យសុខាភិបាល ប៉ុន្តែអាជ្ញាធរ អាចធ្វើការងារជាពហុវិស័យ ។ ការថ្លែងរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ដូច្នេះ ក្នុងកិច្ចប្រជុំពិគ្រោះ យោបល់លើវឌ្ឍនភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសុខាភិបាល នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិនិត្យមើលវឌ្ឍនភាព ក្នុងការអនុវត្ត គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីឈានទៅបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលធ្វើឱ្យសម្រេចក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា។ ក្នុងនោះគោលដៅ៩៥-៩៥-៩៥ កម្ពុជា សម្រេចបានគោលដៅ៩៥ ទី២ និងទី៣ រួចហើយ។

ឯកឧត្តម អ៊ឹង ភីរុន ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា គណៈកម្មាធិការ បានរៀបចំកិច្ចប្រជុំនៅថ្ងៃទី៣១ ខែកក្កដា និងសម្រេចបាន សេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់ ដើម្បីចុះហត្ថលេខា ជាមួយមន្ទីរពេទ្យ និងគ្លីនិកឯកជន ។ ទន្ទឹមនឹងនេះ ចំពោះមូលនិធិសមធម៌ សេវានៅមន្ទីរពេទ្យរដ្ឋ មិនមានបញ្ហាទេ ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានគោរពអញ្ជើញឯកឧត្តម ទេសរដ្ឋមន្រ្តី ធ្វើបាឋកថា ជូននិស្សិតនៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល អំពីគោលនយោបាយអេដស៍ផងដែរ ។

ក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង ម៉ូលី បានធ្វើការណែនាំមួយចំនួនដូចខាងក្រោម ៖

១-អបអរសាទរការរៀបចំអនុស្សរណៈ នៃការយោគយល់ (MOU) រវាងក្រសួងសុខាភិបាល និងវិស័យឯកជន (មន្ទីរពេទ្យនិងគ្លីនិក) ។ នៅពេលបានទិន្នន័យពីផ្នែកឯកជន យើងអាចមានការកែលម្អតួលេខ ដែលអាចរុញឱ្យយើង ខិតទៅជិតគោលដៅ ។

២-សូមណែនាំឱ្យពង្រីកកន្លែងធ្វើតេស្ត នៅកន្លែងដែលមាន ការរស់នៅច្រើនរបស់ប្រជាជនគន្លឹះ (អ្នកប្រើប្រាស់គ្រឿងញៀន អ្នកជាប់ពន្ធនាគារ) ។

៣-សូមខិតខំកែលម្អសេវាព្យាបាលនៅតាមទីតាំងផ្សេង ថែមទៀត ដូចជា ការពង្រីកចំនួនមន្ទីរពេទ្យ ឱ្យជួយព្យាបាល ជំងឺអេដស៍ជាដើម ។

៤-សូមខិតខំស្វែងរកប្រភពនៃការឆ្លង (ឧទាហរណ៍ នៅខេត្តកំពង់ស្ពឺមានកើនឡើងចំនួននៃការឆ្លង ដោយក្រុមបុរស រួមភេទជាមួយបុរស ទៅពីខេត្តកណ្តាល និងរាជធានីភ្នំពេញ)។ សូមជួយរកកន្លែងដែលជាប្រភព នៃការចម្លង ហើយបបួល ពួកគាត់ ឱ្យមកធ្វើតេស្តឱ្យបានច្រើន ។

៥-សូមធ្វើរបាយការណ៍ ស្តីពីវឌ្ឍនភាព នៃការអនុវត្ត គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨នៅចុងខែកញ្ញា។ ក្នុងនោះ ចំណុចសំខាន់ គឺវិស័យឯកជន ថាតើបានធ្វើរបាយការណ៍ចូលក្នុង ប្រព័ន្ធហើយឬនៅ? និងរបាយការណ៍ពីការឆ្លងពីមាតាទៅទារក ដែលអត្រានៅខ្ពស់នៅឡើយ ។

៦-សូមរៀបចំគិតគូរអំពីចីរភាព និងយុទ្ធសាស្រ្តចាកចេញ ដើម្បីត្រៀមនៅពេលដែលលែងទទួលជំនួយពីក្រៅ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner