គ.ជ.ប ផ្សព្វផ្សាយដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ លើប្រធានបទការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ។

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤ នាទីស្តីការ គ.ជ.ប ឱ្យដឹងថា៖ គ.ជ.ប បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាការពារសន្តសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ដោយក្នុងនេះបានចាត់វិធានការនិងរៀបចំសណ្តាប់ធ្នាប់យ៉ាងត្រឹមត្រូវដើម្បធានាការបោះឆ្នោតប្រព្រឹត្តិទៅរលូន និងយកជាការបាន។ក្រៅអំពីការរៀបចំរចនាសម្ព័ន្ធនានាហើយក្នុងនេះក៏បានពិនិត្យការរៀបចំកម្លាំងនគរបាលការពារ និងកម្លាំងកងរាជអាវុធហត្ថតាមផែនការ និង សេចក្តីណែនាំផ្សេងៗដែលបានកំណត់ផងដែរ។

សមាជិកគ.ជ.ប រូបនេះបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្ស ដើម្បី សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឬតាមការិយាល័យ ចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប។ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រហូតដល់ ១០ ថ្ងៃ មុនថ្ងៃបញ្ចប់ដំណើរការនេះ។ ដូចនេះ ផ្អែកតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ កាលបរិច្ឆេទនៃការ ចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារតាមទម្រង់បែបបទលេខ ១០០៧ ដែលផ្តល់ជូនដោយ គ.ជ.ប ដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។

ឯកឧត្តមបានថ្លែងបញ្ជាក់បន្ថែមថា៖បន្ទាប់ពីក្រុមប្រឹក្សាឃុំ សង្កាត់ សម្រេចអនុញ្ញាតលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ រួចហើយ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវផ្តល់បណ្ណសម្គាល់ខ្លួនជូនភ្នាក់ងារគណបក្សនយោបាយតែ ២បណ្ណ ប៉ុណ្ណោះ គឺ ១ បណ្ណ សម្រាប់ភ្នាក់ងារពេញសិទ្ធិ និង ១ បណ្ណ សម្រាប់ភ្នាក់ងារបម្រុង។ បណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ មានសុពលភាពប្រើប្រាស់បានតែក្នុងដំណាក់កាលនៃ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ ។

ឯកឧត្តម ឌឹម សុវណ្ណារុំបានថ្លែងដែរថា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើភ្នាក់ងារ គណបក្សនយោបាយសង្កេតមើល ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ ។ ជាមួយគ្នានេះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ត្រូវបានរៀបចំនៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជាមានការវិវឌ្ឍល្អប្រសើរ នៅក្រោយ ការបោះឆ្នោតអសកលចំនួន ២ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ កាលពីពេលថ្មីៗកន្លងទៅនេះ ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner