ស្វីសរកជើងខ្លាំងស្រង់គ្រាប់មីន និងគ្រាប់បែកចេញពីក្នុងបឹង ប្រាក់រង្វាន់ជាង៥ម៉ឺនដុល្លារ
ប៉ែន : អាជ្ញាធរស្វីសប្រកាសរកជើងខ្លាំងចុះទឹកបឹងស្រង់គ្រាប់បែកចាស់ៗ និងគ្រាប់មីនមិនទាន់ផ្ទុះ ដោយផ្តល់ ប្រាក់រង្វាន់ ៥៧,៨០០ ដុល្លារ ។
សេចក្តីថ្លែងការណ៍ពីនាយកដ្ឋានលទ្ធកម្មការពារជាតិសហព័ន្ធស្វីស (Armasuisse) បានឱ្យដឹងថា ជើងខ្លាំងរាវមីនដែលចាប់អារម្មណ៍អាចដាក់ពាក្យចូលប្រកួតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៥។ អ្នកឈ្នះនឹងត្រូវប្រកាសក្នុងខែមេសាឆ្នាំដដែល។
នាយកដ្ឋានការពារជាតិប្រទេសស្វីស បានឱ្យដឹងថា គោលបំណងនៃការប្រកួតប្រជែងនេះ គឺដើម្បីចង់ឱ្យ វិស័យពាក់ព័ន្ធទាំងអស់ចូលរួមស្វែងរកវិធីជួយសង្គ្រោះបរិស្ថាន និងរក្សាសុវត្ថិភាពដល់ប្រព័ន្ធអេកូឡូស៊ី ដែលកើតចេញពីគ្រាប់មីន ឬគ្រាប់បែកក្នុងបឹងទឹកជ្រៅ មុនពេលវាក្លាយជាបញ្ហាធំនាពេលអនាគត ។
បឹងជាច្រើនរបស់ប្រទេសស្វីសដូចជា បឹង Thun បឹង Brienz បឹង Lucerne និងបឹង Neuchatel សុទ្ធសឹងតែជាទីដែលគ្រាប់មីន ឬគ្រាប់បែកសល់ពីសម័យសង្រ្គាមលោកលើកទី១ បានលិចចូល នៅចន្លោះឆ្នាំ ១៩១៨ និងឆ្នាំ ១៩៦៤ ។
គ្រាប់មីន ឬគ្រាប់បែកដែលមានទម្ងន់ពី ៥០ គីឡូក្រាមដល់ ១២,០០០ តោនបានលិចចូលក្នុងបឹង ទាំងនោះជម្រៅពី ៥ ទៅ ៧ ម៉ែត្រ ហើយបឹងខ្លះទៀតមានជម្រៅពី ១៥០ ទៅ ២២០ ម៉ែត្រឯណោះ ។ នេះបើយោងតាមនាយកដ្ឋានការពារជាតិប្រទេសស្វីស ។
យោងតាមរបាយការណ៍ឆ្នាំ ២០១៧ របស់យុទ្ធនាការប្រឆាំងនឹងអាវុធប្រល័យលោក ហៅកាត់ (WMD) បានឱ្យដឹងថា គ្រាប់បែកប្រហែល ១លាន៦សែនតោនត្រូវបានបោះចូលទៅក្នុងបឹង សមុទ្រ និងមហាសមុទ្រធំៗនៅ ជិត ប្រទេស អាល្លឺម៉ង់ និង ចក្រភព អង់គ្លេសចន្លោះឆ្នាំ ១៩១៨ និង ឆ្នាំ ១៩៧០ ៕


ប្រភព៖ CNN និង Aljazeera ប្រែសម្រួលដោយ៖ ឈឹម ទីណា