ចិនថា គ្មានចេតនារត់ប្រណាំងអាវុធនុយក្លេអ៊ែរជាមួយអាមេរិកទេ
ប៉េកាំង៖ ប្រទេសចិនលើកឡើងថា ទីក្រុងប៉េកាំងគ្មានគោលបំណងរត់ប្រណាំងអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកទេ ផ្ទុយពីអ្វីដែលទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភ ជុំវិញឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា សហរដ្ឋអាមេរិកបានហៅប្រទេសចិនថាជា “ការគំរាមកំហែងនុយក្លេអ៊ែរ” ហើយបានប្រើវាជាលេស ដើម្បីបញ្ចប់កាតព្វកិច្ចរបស់ខ្លួន ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។
លោកស្រី Mao បន្ថែមថា ទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន គឺមិនស្ថិតនៅកម្រិតដូចគ្នាជាមួយសហរដ្ឋអាមេរិកទេ ហើយថា ទីក្រុងប៉េកាំងបានប្រកាន់ខ្ជាប់នូវការអនុវត្តតាមគោលនយោបាយគ្មានការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាលើកដំបូង ហើយតែងតែរក្សាសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតអប្បបរមាដែលត្រូវការ ដើម្បីសន្តិសុខជាតិ។
លោកស្រី Mao បន្ថែមថា ចិនគ្មានចេតនាចូលរួមក្នុងគ្រប់ទម្រង់នៃការរត់ប្រណាំងសព្វាវុធជាមួយរដ្ឋដទៃនោះទេ ជាពិសេសសហរដ្ឋអាមេរិក។ ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា វាគឺជាសហរដ្ឋអាមេរិកទេ ដែលជាប្រភពចម្បងនៃការគំរាមកំហែងនុយក្លេអ៊ែរ និងហានិភ័យជាយុទ្ធសាស្ត្រនៅក្នុងពិភពលោក។
នៅឆ្នាំ ២០២៣ មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា ប្រទេសចិននឹងកើនឡើងទ្វេដង នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដល់ជាង ១,០០០គ្រាប់នៅឆ្នាំ ២០៣០។
អាមេរិកបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥,៥៥០គ្រាប់ ខណៈរុស្ស៊ីមានក្បាលគ្រាប់ចំនួន ៦,២៥៥គ្រាប់ នេះបើយោងតាមការប៉ាន់ស្មាន ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា