រុស្ស៊ីទម្លាក់ទឹកជាង២០០តោន ពន្លត់ភ្លើងឆេះព្រៃ
បរទេស៖ វីដេអូមួយចេញផ្សាយដោយ AFP នៅថ្ងៃសុក្រនេះ បានបង្ហាញពីប្រទេសរុស្ស៊ី ប្រើយន្តហោះទម្លាក់ទឹកជាង ២០០តោន នៅលើទីតាំងភ្លើងឆេះព្រៃ ស្ថិតក្នុងខេត្ត Siberia ក្នុងរយៈពេល២៤ម៉ោង។
ផ្អែមតាមប្រភព ដែលបានដកស្រង់សេចក្តីថ្លែងការណ៍ របស់ក្រសួងគ្រាអាសន្នរុស្ស៊ី បានបញ្ជាក់ថា ក្នុងពេល១ថ្ងៃ យន្តហោះរបស់ក្រសួង បានទម្លាក់ទឹកជាង ២១០តោន ពន្លត់ភ្លើងឆេះព្រៃក្នុងខេត្តមួយនេះ។ មន្ត្រីក្នុងតំបន់បាននិយាយថា «ភ្លើងឆេះព្រៃចំនួន ៣២ កន្លែង ធ្វើសកម្មភាពឆាបឆេះ នៅលើផ្ទៃដីព្រៃឈើ នៅតំបន់ Tuva សរុបជាង ៣៧០០០ហិចតា»។
យ៉ាងណាមិញ AFP មិនបានបញ្ជាក់លម្អិតទេ ប៉ុន្តែ បើតាម Yahoo ធ្លាប់បានចេញផ្សាយ កាលពីពាក់កណ្តាលខែកក្កដា ដោយផ្អែកលើទីភ្នាក់ងារព្រៃឈើរដ្ឋរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា អាជ្ញាធរបានប្រយុទ្ធនឹងភ្លើងឆេះព្រៃ ចំនួន២២២ដាច់ ដោយឡែកពីគ្នា នៅទូទាំង២០តំបន់ ខណៈដែលរដូវក្តៅ ក្តៅខ្លាំងខុសពីធម្មតា ដែលបានបញ្ឆេះភ្លើងឆេះព្រៃ កាន់តែអាក្រក់។
Yahoo បន្តថា បើតាមស្ថាប័នបរិស្ថានឯករាជ្យមួយ បាននិយាយថា សម្រាប់ប្រទេសរុស្ស៊ី ឆ្នាំ២០២៤ គឺស្ថិតក្នុងដំណាក់កាលរដូវភ្លើងឆេះព្រៃ អាក្រក់ជាង កាលពីពីរឆ្នាំមុន ហើយបន្ថែមទៀតថា ក្នុងឆ្នាំនេះ ផ្ទៃដីព្រៃ ជាង៨លានហិកតាហើយ ដែលត្រូវបានបំផ្លាញ នៅក្នុងប្រទេស មួយនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត