ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ ដោយផ្សារភ្ជាប់ និងការរៀបចំក្រុងឱ្យបានល្អបន្ថែមទៀត
(ពោធិ៍សាត់)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់អំពីការងារអាទិភាពលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់ថ្នាក់ដឹកនាំខេត្តនិងមន្ទីរនានាជុំវិញខេត្ត ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបាត់ដំបង ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តនេះឱ្យបានចប់សព្វគ្រប់ក្នុងអាណត្តិទី៧ និងបន្ទាប់ពីបញ្ចប់ការងារចុះបញ្ជីដីធ្លីរួចរាល់ហើយនោះ អាជ្ញាធរខេត្ត ក្រុង ស្រុកត្រូវបន្តគិតគូរអំពីការរៀបចំក្រុងឱ្យបានល្អប្រសើរបន្ថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា អាជ្ញាធរខេត្តសូមចូលរួមរៀបចំក្រុងពោធិ៍សាត់ឱ្យទៅជាទីក្រុងតូចច្រឡឹង ដែលទាក់ទាញគេមកលំហែ និងកំសាន្ត ដែលក្នុងនោះផែនការមេនឹងត្រូវរៀបចំឱ្យបានគ្រប់ក្រុងស្រុក សម្រួលដល់ការអភិវឌ្ឍ និងវិនិយោគិន ដែលមានបំណងមកវិនិយោគនៅទីនេះ ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ការងារចាំបាច់របស់ក្រសួងពីពេលនេះទៅមុខទៀត គឺការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រែក្លាយសង្គមកម្ពុជាឱ្យទៅជាសង្គមស៊ីវិល័យ ព្រមទាំងធ្វើឱ្យប្រជាជនកម្ពុជាច្រើនថែមទៀតមានផ្ទះសំបែងសមរម្យ ដោយយកចិត្តទុកដាក់គិតគូរលើការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ។

ចំពោះកិច្ចការដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកថាជាកិច្ចការដ៏សំខាន់ចាំបាច់ដែលយើងត្រូវចុះបញ្ជីដីធ្លីឱ្យបានចប់រួចរាល់នៅក្នុងអាណត្តិទី៧នេះ ដើម្បីបញ្ចប់វិវាទដីធ្លីនៅប្រទេសកម្ពុជា ដែលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលយើងបានវាស់វែងដីធ្លី និងចុះបញ្ជីជូនប្រជាពលរដ្ឋកម្ពុជាបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីឈានទៅប្រារព្ធខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លីឡើងវិញនៅក្នុងប្រទេសកម្ពុជា ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី ៣ ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕



ដោយ / គ្រី សម្បត្តិ